ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនជប៉ុនវិនិយោគនៅប្រទេសថៃ Mitsubishi Motors ប្រកាសថា ក្រុមហ៊ុននឹងផ្តល់ប្រាក់សំណងចំនួន៤០ខែ ទៅឱ្យបុគ្គលិកណាដែលស្ម័គ្រចិត្តលាឈប់ពីការងារដោយពុំចាំបាច់បណ្តេញចេញ ដោយសារក្រុមហ៊ុនមានបញ្ហាផ្នែកហិរញ្ញវត្ថុ ។ ក្រោយពីក្រុមហ៊ុនប្រកាសរួចមក គឺមានបុគ្គលិករហូតដល់៤០០នាក់ បានដាក់ពាក្យលាឈប់ ។
អ្នកតំណាងក្រុមហ៊ុន Mitsubishi ឱ្យដឹងថា ក្រមហ៊ុនមានគម្រោងឱ្យបុគ្គលិកឈប់ពីការងារដោយស្ម័គ្រចិត្តមុនពេលចូលនិវត្តន៍ ដើម្បីឱ្យបុគ្គលិកធ្វើការនៅការិយាល័យ, ធ្វើការនៅស្នាក់ការធំ និងបុគ្គលិកផ្នែកផលិតចូលរួមក្នុងគម្រោងនេះ ឬបុគ្គលិកដែលចង់ផ្លាស់ប្តូរការងារ ហើយត្រូវការដើមទុនរកស៊ី ឬប្រកបមុខរបរផ្សេង ។ បច្ចុប្បន្ន បុគ្គលិកចំនួន៤០០នាក់ បានស្ម័គ្រចិត្តលាឈប់ពីការងារ ខណៈក្រុមហ៊ុនមានបុគ្គលិកសរុបនៅប្រទេសថៃ ចំនួន៥,២០០នាក់ ។
មូលហេតុដែលក្រុមហ៊ុនបង្កើតគម្រោងផ្តល់ប្រាក់សំណងឱ្យបុគ្គលិកស្ម័គ្រចិត្តលាឈប់ពីការងារ គឺដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយក្រុមហ៊ុនត្រូវធ្វើកំណែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យស្របនឹងស្ថានការណ៍ហិរញ្ញវត្ថុ ព្រមទាំងបង្កើតគ្រឹះរឹងមាំសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន នាថ្ងៃអនាគត ។ ហេតុនេះ ក្រុមហ៊ុនក៏ប្រកាសឱ្យបុគ្គលិកលាឈប់ដោយខ្លួនឯង ដើម្បីឱ្យពួកគេមានឱកាសផ្លាស់ប្តូរការងារ ។ នេះជាការផ្តល់ប្រាក់សំណងឱ្យបុគ្គលិកច្រើនបំផុត បើធៀបនឹងពេលកន្លងមក ។
បុគ្គលិកអាចលាឈប់ពីការងារ និងគ្មានការដាក់សម្ពាធពីក្រុមហ៊ុន ។ ក្រុមហ៊ុន Mitsubishi នៅតែរក្សាគុណភាពផ្នែកផលិត និងសេវាកម្មទាំងអស់ដើម្បីបំពេញតម្រូវការអតិថិជននៅប្រទេសថៃ ។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនក៏បានប្រកាសឱ្យបុគ្គលិកលាឈប់ពីការងារដែរ ដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យការលក់រថយន្តធ្លាក់ចុះ ពេលនោះ ក្រុមហ៊ុនបានផ្តល់ប្រាក់សំណងឱ្យបុគ្គលិកលាឈប់ ចាប់ពី៨ខែ ទៅ៣៥ខែ ។ ប៉ុន្តែនៅឆ្នាំ២០២៥ ក្រុមហ៊ុនផ្តល់ប្រាក់សំណងឱ្យបុគ្គលិករហូតដល់៤០ខែ ។
ដោយឡែក ក្រុមហ៊ុនផ្សេងៗក៏បានប្រកាសឱ្យបុគ្គលិកស្ម័គ្រចិត្តលាឈប់ដែរ ដើម្បីកាត់បន្ថយការចំណាយដើមទុន និងបង្កើនប្រសិទ្ធភាពការងារ ស្របពេលឧស្សាហកម្មផលិតរថយន្តធ្លាក់ចុះ ព្រមទាំងមានរថយន្តចិនប្រកួតលើទីផ្សារច្រើន ៕










