នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានបង្ហោះសារស្នើសុំបិណ្ឌបាតព្រះពុទ្ធរូប១អង្គ ដាក់តាំងនៅក្នុងព្រលានយន្ដហោះតេជោក្រុងតាខ្មៅ ដើម្បីឱ្យស័ក្កសមជាប្រទេសកាន់សាសនាព្រះពុទ្ធ។
ព្រះតេជគុណ ចៅអធិកា វត្ត គល់ទទឹង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គថា៖”អាត្មាសូមចម្រើន សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។
ការបិណ្ឌបាតនេះ ស្របពេលដែលព្រលានយន្ដហោះតេជោក្រុងតាខ្មៅ សាងសង់បានជាង៩៤ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរនៅខែកក្កដា ខាងមុខនេះ។

គួរបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ចំណាយថវិកា១៥០០ លានដុល្លារ៕










