តារាកំប្លែង ម៉ាដូណា ត្រូវបានអតីតគូស្នេហ៍លោកហេង លាតត្រដាងថាទោះបីជាលោកជាអ្នកសុំបែក ម៉ាដូណា ក្តីប៉ុន្តែអតីតគូស្នេហ៍នៅតែទៅមើលថែលោកនិងចំណាយថ្លៃព្យាបាលឱ្យទៀត។ លោក ហេង បង្ហាញថាមនុស្សល្អអាក្រក់គឺបានដឹងនៅពេលគេងលើគ្រែពេទ្យ ខណៈមានអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។
ប្រិយមិត្តមួយចំនួនបានដឹងហើយថា ម៉ាដូណា និង ហេង គឺបង្កើតក្តីស្រលាញ់ដោយបើកចំហជាសាធារណៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគូស្នេហ៍ ម៉ាដូណា បានប្រកាសចែកផ្លូវគ្នាកាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នា៨ឆ្នាំ។ មែនទែនទៅ ម៉ាដូណា គឺធ្លាប់បានបង្ហើបដែរថា ខ្លួនលោកគឺបានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយអតីតដៃគូ ប៉ុន្តែហាក់មិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ។
យ៉ាងណាមិញថ្មីៗនេះ លោក ហេង អតីតគូស្នេហ៍ ម៉ាដូណា ស្រាប់តែលាតត្រដាងថា ម៉ាដូណា ជាមនុស្សម្នាក់ដែលបានមកមើលថែលោកថែមទាំងចំណាយថ្លៃព្យាបាលទៀត។ 
ថ្ងៃទី១៧ កុម្ភៈ លោក ហេង ដែលមានគណនីហ្វេកប៊ុកឈ្មោះថា «Ly Tor Tor» បានបង្ហោះរូបមួយសន្លឹកជាមួយ ម៉ាដូណា អមដោយខ្លឹមសារថា «ហេតុអីបានត្រូវជាគាត់ដែលមកកំដរខ្ញុំគេងពេទ្យ ហេតុអីបានជាគាត់មកយកចិត្តទុក្ខដាក់និងខ្ញុំទាំងដែលខ្ញុំជាអ្នកសុំគាត់បែក? ហេតុអីបានជាគាត់មកចំណាយលុយថ្លៃពេទ្យជំនួសខ្ញុំ ចុះអ្នកដែលខ្ញុំធ្លាប់ប៉ាវហូបអីពេលសប្បាយជួបជុំមិចអត់ឃើញពួកគាត់មកសួរនាំខ្ញុំចឹង ចុះអ្នកដែលខ្ញុំគិតថាគេល្អជាងគាត់ តើពួកគាត់នៅទីណា? ម៉េចអត់ឃើញពួកគាត់មកមើលខ្ញុំចឹង មនុស្សអាក្រក់ល្អបានដឹងច្បាស់ពេលយើងគេងនៅលើគ្រែពេទ្យ»។
ការបង្ហាញនេះបានធ្វើឱ្យមិត្តភក្តិក្នុងចង្កោមសិល្បៈជាច្រើនរូបបង្ហាញបំណងចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញដែលមានដូចជា តាប៊ុយ ,កញ្ញា ញឹម ច័ន្ទថន , គឹម លីហ្សា និងអ្នកសិល្បៈជាច្រើនទៀតបានជូនពរនិងចង់ឱ្យគិតពិចារណាឡើងវិញចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរដែលតស៊ូជាមួយគ្នារាប់ឆ្នាំមកនេះ៕










