ប្រទេសចិន ៖ ភូមិទេសចរណ៍ល្បីមួយកន្លែងនៅទីក្រុងឈើងទូ ខេត្តស៊ីឈួន ប្រទេសចិន បានសូមទោសជាសាធារណៈ ក្រោយពីភ្ញៀវទេសចរចាប់ថ្នាក់បានថា ភូមិទេសចរណ៍នេះយកផ្ទាំងសំឡី និងពពុះសាប៊ូមកធ្វើព្រិល ដើម្បីថតរូបទាក់ទាញការចាប់អារម្មណ៍ និងផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកលេងឱ្យបានច្រើន ។ អ្នកលេងបណ្តាញសង្គមចិនហួសចិត្តយ៉ាងខ្លាំង និងរិះគ.ន់ ពេញបណ្តាញសង្គម ។

ប្រធានភូមិទេសចរណ៍ព្រិលធ្លាក់ (Chengdu Snow Village) បានបង្ហោះលិខិតជាផ្លូវការមួយក្នុង WeChat កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កាលពីពិធីបុណ្យចូលឆ្នាំចិននៅចុងខែមករា កន្លងមក គឺអាកាសធាតុក្តៅ ទើបធ្វើឱ្យភូមិទេសចរណ៍នេះគ្មានព្រិលពណ៌ស ធ្លាក់ដូចពេលកន្លងមក ។ ភ្នាក់ងារឧតុនិយមប្រកាសថា ប្រទេសចិនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងយូរជាងមុន និងមានភ្លៀងធ្លាក់ខ្លាំងជាងការរំពឹងទុក ដោយសារបម្រែបម្រួលអាកាសធាតុ ។
ដូច្នេះ ដើម្បីឱ្យភូមិនេះទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ យើងក៏បានយកផ្ទាំងសំឡីមកប្រើប្រាស់ជំនួសព្រិល ប៉ុន្តែវាពុំទទួលបានផលដូចការរំពឹងទុក ។ វាបែរជាធ្វើឱ្យភ្ញៀវទេសចរភាគច្រើនមានអារម្មណ៍ពុំល្អ និងលែងចង់ដើរលេងនៅទីនេះ ។ ក្រោយពីអ្នកលេងបណ្តាញសង្គមជាច្រើននាក់រិះគន់ យើងក៏បានប្រមូលផ្ទាំងសំឡីទាំងអស់បោះចោល ។
.png)
ប្រធានភូមិទេសចរណ៍បានសូមទោសភ្ញៀវទេសចរទាំងអស់ចំពោះរឿងដែលកើតឡើង និងប្រកាសប្រគល់ប្រាក់ថ្លៃសំបុត្រចូលទស្សនាភូមិទេសចរណ៍ទៅឱ្យភ្ញៀវទេសចរវិញ មុនពេលភូមិនេះបិទទ្វារលែងបើកឱ្យចូលទស្សនា ។

ក្នុងរូបភាពដែលចែកចាយក្នុង WeChat បង្ហាញឱ្យឃើញផ្ទាំងសំឡីត្រូវបានគេខ្ចាត់ខ្ចាយពាសពេញបរិវេណភូមិទេសចរណ៍ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា បើមើលមួយភ្លែតឃើញភូមិនេះគ្របដណ្តប់ដោយព្រិលពណ៌ស ស្អាតខ្លាំងណាស់ ប៉ុន្តែពេលដើរទៅមើលជិតៗ ស្រាប់តែឃើញផ្ទាំងសំឡី និងពពុះសាប៊ូទៅវិញ ។ ភូមិនេះមានឈ្មោះថា ភូមិព្រិល ប៉ុន្តែបែរជាគ្មានព្រិលធ្លាក់ ។

បច្ចុប្បន្ន មនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់អ៊ីនធើរណេត តំបន់ទេសចរណ៍នានាគួរតែផ្សព្វផ្សាយការពិតពីតំបន់ទេសចរណ៍ និងចៀសវាងបង្កើតរូបភាពបំភាន់ភ្នែក បើពុំដូច្នោះទេ វាដូចជាការបំផ្លាញមុខមាត់តំបន់ទេសចរណ៍របស់ខ្លួន ដោយសារការចែកចាយព័ត៌មានតាមបណ្តាញសង្គមឆាប់រហ័ស ៕









