ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា ការធ្វើដំណើរតាមរថភ្លើងដ៏វែងបំផុតលើពិភពលោក ចាប់ពីទីក្រុង Lagos ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ទៅដល់សិង្ហបុរី គឺជាឱកាសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចថៃ ។ ផ្លូវរថភ្លើងនេះមានប្រវែង១៨,៧៥៥គីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរ២១ថ្ងៃ ដោយឆ្លងកាត់១៣ប្រទេស រួមមាន ៖ ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៉ូឡូញ បេឡារ៉ុស រុស្ស៊ី ម៉ុងហ្គោលី ចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ។
ផ្លូវរថភ្លើងដ៏វែងនេះអំណោយផលដល់សេដ្ឋកិច្ចថៃជាច្រើនផ្នែក ហើយកត្តាចម្បងដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចថៃ គឺទីតាំងយុទ្ធសាស្ត្រ ពីព្រោះថៃស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលថៃជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ ហើយផ្លូវរថភ្លើងវែងបំផុតលើពិភពលោក បានឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងតភ្ជាប់អាស៊ីបូព៌ា និងអឺរ៉ុប ។.png)
កត្តាបន្ទាប់ គឺថៃមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញខ្វាត់ខ្វែង ជាពិសេស ការដឹកជញ្ជូនតាមរថភ្លើង ។ បច្ចុប្បន្ន ថៃមានផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសជិតខាង ដូចជា ៖ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលអាចជួយឱ្យថៃអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមរយៈផ្លូវរថភ្លើងពីប្រទេសព័រទុយហ្គាល់ ទៅសិង្ហបុរី ។
ក្រៅពីនេះ រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញការតភ្ជាប់ថៃជាមួយប្រទេសនានា តាមរយៈគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសខាងកើត (EEC )និងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (BRI) ។ គោលនយោបាយរបស់រដ្ឋាភិបាលថៃបានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ។
អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ថៃនឹងទទួលបានឱកាសសេដ្ឋកិច្ចបន្ថែមទៀតនាថ្ងៃអនាគតពីផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ដោយសារប្រទេសនានាអាចសហការគ្នាយ៉ាងរលូនផ្នែកវិនិយោគ និងពង្រីកពាណិជ្ជកម្មសេរី ។ រីឯប្រទេសផ្សេងៗដែលរថភ្លើងឆ្លងកាត់ ក៏ទទួលបានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចដែរ បើសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ ហើយអាមេរិក រុស្ស៊ី និងចិន ចរចាគ្នាស្វែងរកសន្តិភាពពិភពលោក ៕










