នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ។
អគារវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ កំពស់២ជាន់ កសាងឡើង នៅអំឡុងឆ្នាំ១៩២០ ដែលកាលណោះ ជាកុដិសម្រាប់ព្រះសង្ឃគង់នៅ។

ក្នុងចន្លោះឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ អគារស្លឹករឹតនេះ ត្រូវបានប្រើប្រាស់ជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ក្រោយមក ចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន អគារនេះ បានក្លាយជាវិទ្យាស្ថានស្រាវជ្រាវ និងអភិក្សសាស្ត្រាស្លឹករឹតខ្មែរ បង្កើតឡើងដោយលោក Olivier de Bernon ដែលបានដាក់ឱ្យដំណើរការចាប់តាំងពី ឆ្នាំ១៩៩០ ក្នុងគោលបំណង ដើម្បីអភិរក្ស និងប្រមូលសាស្ត្រាស្លឹករឹតខ្មែរនៅទូទាំងប្រទេស ដែលនៅសេសសល់ក្រោយពីសម័យសង្គ្រាម។
នៅក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានប្រមូលសាស្ត្រាស្លឹករឹតសរុបទាំងអស់ចំនួន ២៤,០១៩ខ្សែ ដោយមានសាស្ត្រាជាភាសាខ្មែរចំនួន ១៥,៦៦២ខ្សែ និងសាស្ត្រា ជាភាសាបាលីចំនួន ៨,៣៥៧ខ្សែ៕










