សហរដ្ឋអាមេរិក ៖ ច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok នៅអាមេរិកបានអនុវត្តតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ហើយធ្វើឱ្យពលរដ្ឋអាមេរិកត្រូវផ្អាកការប្រើប្រាស់បណ្តាញសង្គមនេះរយៈពេលខ្លី ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យពលរដ្ឋអាមេរិកអាចប្រើប្រាស់ TikTok រយៈពេល៧៥ថ្ងៃទៀត ។
ការចុះហត្ថលេខារបស់លោក Trump នេះ គឺពុំបានលុបចោលច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ទេ មានន័យថា កម្មវិធី TikTok នៅលើ App Store និង Play Store នៅអាមេរិក ពុំទាន់អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដោនឡូត TikTok ដោយសារផ្ទុយនឹងច្បាប់អាមេរិក ។ រីឯពលរដ្ឋអាមេរិកដែលអាចប្រើប្រាស់ TikTok ក្រោយពេលលោក Trump ឡើងកាន់តំណែងនោះ ដោយសារពួកគេបានដោនឡូតវាក្នុងទូរស័ព្ទរួចហើយ ។
ការហាមឃាត់ TikTok ធ្វើឱ្យក្រុមឈ្មួញលក់ទូរស័ព្ទតាមអនឡាញនៅអាមេរិកសម្លឹងឃើញឱកាសល្អ ដោយពួកគេបានយកទូរស័ព្ទដៃ និងថេបប្លេតដែលបានដោនឡូត TikTok មុនពេលអាមេរិកហាមឃាត់ មកលក់ឱ្យអតិថិជនក្នុងតម្លៃខ្ពស់ ។ អ្នកលក់អនឡាញម្នាក់និយាយថា ទូរស័ព្ទដៃស៊េរីចាស់មានតម្លៃធម្មតាត្រឹមតែ២៥០ដុល្លារអាមេរិក ប៉ុន្តែបើទូរស័ព្ទនេះបានដោតឡូត TikTok គឺអាចលក់បានថ្លៃរហូតដល់៥ម៉ឺនដុល្លារអាមេរិកឯណោះ ។

ក្នុងកម្មវិធីលក់ទូរស័ព្ទតាមអនឡាញផ្សេងៗ គឺមានទូរស័ព្ទ iPhone, iPad និងទូរស័ព្ទ Android ក្នុងនោះត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ ដោយសារទូរស័ព្ទទាំងនេះបានដោនឡូត TikTok ។ អ្នកស្រាវជ្រាវអ៊ីនធើរណេតមកពីសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក និយាយថា ទោះជាការលក់ទូរស័ព្ទទាំងនេះមានតម្លៃខ្ពស់គួរឱ្យអស់សំណើចក្តី ប៉ុន្តែវានឹងមានផលប៉ះពាល់ ។
ទោះយ៉ាងណា ការលក់ទូរស័ព្ទដែលមាន TikTok ក្នុងតម្លៃខ្ពស់នេះ ប្រហែលជាមិនយូរទេ ពីព្រោះប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនធំៗផ្សេងទៀតបានចរចាទិញ TikTok ហើយវានឹងធ្វើឱ្យបណ្តាញសង្គមនេះអាចដំណើរការនៅអាមេរិកបន្តទៀត ៕