ថ្មីៗនេះ នៅលើបណ្តាញសង្គម គេសង្កេតឃើញមានកសិករហាក់រអ៊ូរទាក់ទងនឹងតម្លៃស្រូវចុះថោកខ្លាំង ដោយតម្លៃស្រូវអូអឹម (OM 54.51) ត្រូវបានឈ្មួញកណ្តាលមកទិញដល់រោងម៉ាសុីនឱ្យត្រឹមក្រោម១០០០រៀល។
បើតាមការលើកឡើងរបស់លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានឱ្យដឹងថា៖”ពាក់ព័ន្ធនឹងបញ្ហាតម្លៃស្រូវប្រភេទអូអឹម៥៤៥១ធ្លាក់ថ្លៃ បណ្តាលមកពីការបេីកនាំចេញអង្កររបស់ប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីផ្អាកនាំចេញអង្ករទៅលើទីផ្សារអន្តរជាតិអស់រយៈពេល ២ ឆ្នាំមកហើយ ដែលធ្វើឱ្យមានការធ្លាក់ចុះតម្លៃអង្ករពីបណ្តាប្រទេសផលិតស្រូវអង្ករមានដូចជាកម្ពុជា និងវៀតណាម”។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមថា៖” ស្រូវអូអឹម ជាពូជស្រូវរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកពិបាកក្នុងការទិញស្រូវប្រភេទនេះពីប្រជាកសិករ ដើម្បីកិននាំចេញទៅក្រៅស្រុក”។

ដើម្បីបង្ការបញ្ហានេះនៅឆ្នាំបន្តទៀត លោកប្រធាននាយកដ្ឋាន បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវរបស់កម្ពុជាវិញដូចជា ប្រភេទស្រូវផ្ការំដួល សែនក្រអូប០១ ចំបុីស៧០ ជាដើម ដែលមានតម្លៃទីផ្សារខ្ពស់ មានគុណភាពល្អ៕