មានធ្លាប់ឆ្ងល់អត់! ហេតុអ្វីប្រទេសថៃបើកឡានប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេង ខណៈប្រទេសភាគច្រើនប្រមាណ ១៦៥ ផ្សេងទៀតក្នុងនោះក៏មានកម្ពុជាយើងដែរ ប្រើចង្កូតឆ្វេង ប្រកាន់ស្តាំទៅវិញ? ហេតុអ្វីបានជាដូច្នេះ ម្តេចមិនប្រើចង្កូតស្តាំ ឬចង្កូតឆ្វេងដូចគ្នាទាំងអស់ទៅ?
សម្រាប់មូលហេតុគឺដោយសារដំបូងឡើយ កាលពីសម័យបុរាណ មនុស្សទាំងអស់ជុំវិញពិភពលោកធ្វើដំណើរទៅមុខនៅខាងឆ្វេងដៃនោះទេ មានន័យថា ពួកគេប្រកាន់ឆ្វេង ដោយសារពេលនោះពួកគេជិះសេះ និងរទេះ ជាពិសេសក្នុងពេលមានសង្គ្រាម ពួកគេងាយស្រួលប្រើដៃស្តាំដើម្បីដកដាវចេញពីស្រោមប្រយុទ្ធជាមួយសត្រូវ។
ទោះជាយ៉ាងណាមកដល់ចុងស.វទី១៧ ចំណុចរបត់ដ៏សំខាន់មួយបានកើតឡើងក្នុងអំឡុងបដិវត្តន៍បារាំង នៅពេលស្តេច Napoleon Bonaparte ឡើងកាន់អំណាច ក៏បានកែទម្រង់ដើម ដោយតម្រូវឱ្យពលរដ្ឋទាំងអស់បើកបរប្រើចង្កូតឆ្វេង និងប្រកាន់ស្តាំវិញ ខណៈប្រទេសដែលស្ថិតក្រោមអាណានិគមបារាំងក៏បានអនុវត្តបែបនេះជារៀងរហូត។ ដូច្នេះមកដល់បច្ចុប្បន្នប្រទេសចំនួន ១៦៥ ក្នុងនោះក៏មានកម្ពុជា វៀតណាម និងឡាវផងដែរ សុទ្ធតែធ្លាប់ស្ថិតក្រោមអាណានិគមបារាំង ក៏បានបើកបរប្រើចង្កូតឆ្វេង និងប្រកាន់ស្តាំរហូតមកដល់ពេលនេះ។
ប៉ុន្តែសម្រាប់ប្រទេសដែលធ្លាប់ស្ថិតក្នុងអាណានិគមអង់គ្លេសវិញនៅតែបន្តបើកបរប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេងដដែល។ នេះបើយោងតាមរបាយការណ៍ ប្រទេសដែលស្ថិតក្រោមអាណានិគមអង់គ្លេសមានប្រមាណ ៦៧ ប្រទេសសុទ្ធតែប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេង។ ទោះជាយ៉ាងណាប្រទេសថៃមិនដែលស្ថិតក្នុងអាណានិគមប្រទេសណាមួយឡើយ ហេតុអ្វីប្រទេសនេះប្រើចង្កូតស្តាំ ប្រកាន់ឆ្វេងដូចអង់គ្លេសដែរ?
.png)
សម្រាប់ហេតុផលគឺដោយសារប្រទេសថៃបានទទួលឥទ្ធិពលវប្បធម៌ពីប្រទេសអង់គ្លេសជាយូរមកហើយ លើសពីនេះស្តេចថៃមានព្រះរាជបំណងធ្វើទំនើបកម្មប្រទេស។ ដូច្នេះក៏សម្រេចទិញរថយន្តដំបូង ពីប្រទេសអង់គ្លេស ហើយចាប់តាំងពីពេលនោះមក ប្រទេសថៃក៏បានប្រើយានយន្តចង្កូតស្តាំ ប្រកាន់ឆ្វេងដូចប្រទេសអង់គ្លេសដែរ៕










