តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានចាប់ដៃគូបកស្រាយបទចម្រៀងជាមួយគ្នាកាលពីពេលថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកគាំទ្របានសរសើរថាអ្នកទាំងពីរសម្តែងជាមួយគ្នាសម ចូលតួបានល្អស៊ីចង្វាក់គ្នា។
បន្ទាប់ពីចាប់ដៃគូជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា លឹម សេរីហាន់នីកា ក្នុងកម្មវិធីប្រគំតន្រ្តីមួយនាពេលថ្មីៗនេះ លីម តិចម៉េង បានចាប់ដៃគូជាមួយនឹង លីន សោម៉ា ដែលជាម្ចាស់ពានមួយរូបដោយអ្នកទាំងពីរបានបកស្រាយបទចម្រៀងមានចំណងជើងថា «បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ » ដែលជាសំនៀងដើមរបស់ អេនជី និង លោក ពិសិដ្ឋ។
បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងទាំងពីររូបបានបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបញ្ចេញមតិសរសើរជាច្រើនចំពោះភាពស៊ីចង្វាក់របស់តារាចម្រៀងទាំងពីរដួង។ អ្នកលេងទិកតុកបានបញ្ចេញមតិថា «ម្ចាស់ពានប៉ះម្ចាស់ពានហើយ ហើយសមគ្នាទៀត, អ្នកទាំងពីរសម្ដែងសមគ្នា , ពីរោះខ្លាំងណាស់, មើលហើយញញឹមម្នាក់ឯង»។ ចំពោះការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេកប៊ុកដែល លីន សោម៉ា បង្ហោះវិញក៏ទទួលបានមតិវិជ្ជមានជាច្រើនសរសើរទៅកាន់អ្នកទាំងពីរដូចគ្នា។
ការចាប់ដៃគូសម្តែងនៅលើឆាកប្រគំតន្រ្តីហើយសម្តែងជាមួយគ្នាស៊ីចង្វាក់គ្នាបែបនេះជាផ្នែកមួយនៃសិល្បៈហ៊ានលេងជាមួយគ្នាដែលធ្វើឱ្យទស្សនិកជនចូលតួទៅតាមការសម្តែងរបស់តួអង្គច្រៀងក៏ពីរោះ សម្តែងក៏បានល្អ មិនប្រកាន់គ្នានិងឱ្យតម្លៃទៅកាន់ដៃគូចម្រៀងក្នុងអាជីពដែលមិនសោះអង្គើយដាក់គ្នានិងប្រកាន់ខ្លួនច្រើននោះទេ។
ក្រៅពីចាប់ដៃគូសម្តែងជាមួយនឹង លីម តិចម៉េង លីន សោម៉ា ក៏មានការចាប់ដៃគូជាមួយ តារាចម្រៀង សួ វិចិត្រ ហើយអ្នកទាំងពីរមានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងមិនធម្មតាដូចគ្នា៕