កូរ៉េខាងត្បូង៖ ប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong អាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធ.នាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣៧៥,០០០ ដុល្លារអាមេរិកបន្ទាប់ពីត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាកូរ៉េពីបទក្លែងបន្លំតម្លៃភាគហ៊ុន និងគណនេយ្យទាក់ទងនឹងការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Samsung នៅក្នុងឆ្នាំ ២០១៥។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោក Lee Jae-yong និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Samsung ចំនួន ១៣ នាក់ផ្សេងទៀត ពីបទបំពានច្បាប់ទីផ្សារមូលធន។ ជាពិសេស ការច្របាច់បញ្ចូលគ្នាចំនួន ៨ ពាន់លានដុល្លាររវាងក្រុមហ៊ុនបុត្រសម្ព័ន្ធ Cheil Industries និង Samsung C&T ត្រូវបានគេនិយាយថានឹងជួយលោក Lee Jae-yong ពង្រឹងការគ្រប់គ្រងនៅក្រុមហ៊ុន Samsung Electronics ។
ទោះជាយ៉ាងណាលោក Lee Jae-yong បានបដិសេធរាល់ការចោទប្រកាន់ ដោយលោកបានបញ្ជាក់ថា ដំណើរការរួមបញ្ចូលគ្នានេះ ធ្វើឡើងក្នុងក្របខ័ណ្ឌប្រតិបត្តិការស្តង់ដាររបស់ក្រុមហ៊ុន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ការមិនរកប្រាក់ចំណេញផ្ទាល់ខ្លួន និងមិនមានឥទ្ធិពលលើម្ចាស់ភាគហ៊ុន ដើម្បីបង្កើនកម្មសិទ្ធិភាគហ៊ុនរបស់គាត់នៅក្នុងដំណើរការនេះនោះទេ។
ទោះបីកន្លងមកជនជាប់ចោទត្រូវបានរកឃើញថាមិនមានទោសក៏ដោយ ក៏សាលក្រមនេះត្រូវបានព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ដែរ ដោយសារករណីនេះនឹង “ធ្វើឱ្យមូលដ្ឋាននៃទីផ្សារមូលធនចុះខ្សោយ”។ យោងតាមព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថាប្រសិនបើចុងជាប់ចោទទទួលបានការកាត់បន្ថយទោស នេះនឹងបង្កើតគំរូមិនល្អដោយលើកទឹកចិត្តឱ្យសាជីវកម្មប្រើប្រាស់វិធានការខុសច្បាប់ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។

គួរបញ្ជាក់ដែរថា ការចោតប្រកាន់នេះបានធ្វើឡើងនៅក្នុងបរិបទដែល Samsung កំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះប្រាក់ចំណេញ។ ទោះបីជាប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី ៣ របស់ Samsung ឈានដល់ ៧.៦៧ ពាន់លានដុល្លារអាមេរិកក៏ដោយ ក៏ចំនួននេះគឺស្ទើរតែមិនផ្លាស់ប្តូរបើធៀបនឹងត្រីមាសមុន៕