ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋ ពីព្រោះប្រទេសថៃនឹងបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៤.១៥បាតក្នុង១គីឡូវ៉ាត់ប៉ុណ្ណោះ (ឬស្មើជាង ៤០០រៀល) ដើម្បីជួយសម្រាលបន្ទុកចាយវាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ គិតចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ។

លោក ផីរ៉ាក់ផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា ក្រសួងថាមពលនឹងបញ្ចុះតម្លៃអគ្គិសនីមកនៅត្រឹមតែ៤.១៥បាតក្នុង១គីឡូវ៉ាត់ គិតចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ខណៈតម្លៃអគ្គិសនីបច្ចុប្បន្ន (ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤) គឺស្មើនឹង៤.១៨បាតក្នុង១គីឡូវ៉ាត់ ។ វាជាការជួយសម្រាលបន្ទុកចំណាយក្នុងជីវភាពរស់នៅ និងជាកាដូឆ្នាំថ្មី ឆ្នាំ២០២៥ សម្រាប់ពលរដ្ឋថៃគ្រប់រូប ។.png)
លោក ផីរ៉ាក់ផាន់ បញ្ជាក់ថា ៖ «ខ្ញុំទើបតែទទួលបានដំណឹងល្អពីគណៈកម្មការគ្រប់គ្រងថាមពលថា នឹងបញ្ចុះតម្លៃអគ្គិសនីរយៈពេល៤ខែ នៅឆ្នាំ២០២៥ គឺបញ្ចុះមកនៅត្រឹម៤.១៥បាតក្នុង១គីឡូវ៉ាត់ ។ កន្លងមក ខ្ញុំបានស្នើឱ្យស្ថាប័នពាក់ព័ន្ធនានាពិភាក្សគ្នាថា តើអាចបញ្ចុះតម្លៃអគ្គិសនីបន្តទៀតដែរឬទេ» ។
.png)
នេះជាការជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋគ្រប់រូប ហើយក្នុងនាមខ្ញុំតំណាងឱ្យរដ្ឋាភិបាល និងក្រសួងថាមពល ខ្ញុំសូមយកឱកាសនេះផ្តល់ជាកាដូឆ្នាំថ្មីឱ្យពលរដ្ឋទាំងអស់ ។ ខ្ញុំក៏សូមអរគុណគណៈកម្មការគ្រប់គ្រងថាមពលផងដែរ ដែលជាស្ថាប័នដ៏សំខាន់របស់រដ្ឋ និងអរគុណដល់អាជ្ញាធរអគ្គិសនី ក៏ដូចជាក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបានសហការជាមួយរដ្ឋាភិបាលជួយពលរដ្ឋ ។ នេះបើតាមការលើកឡើងរបស់លោក ផីរ៉ាក់ផាន់ ។

ក្រសួងថាមពលនឹងធ្វើសេចក្តីប្រកាសជាផ្លូវការអំពីការបញ្ចុះតម្លៃអគ្គិសនីឱ្យពលរដ្ឋបានជ្រាប ។ កន្លងមក ក្រសួងថាមពលបានស្តាប់នូវមតិយោបល់ផ្សេងៗពាក់ព័ន្ធនឹងការបញ្ចុះតម្លៃអគ្គិសនី ហើយកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងថាមពល នៅថ្ងៃទី២៧ ខែវិច្ឆិកា គឺបានឯកភាពឱ្យបញ្ចុះតម្លៃអគ្គិសនី រយៈពេល៤ខែក្នុងឆ្នាំ២០២៥ ៕









