សិង្ហបុរីគឺជាប្រទេសដែលមានសុភមង្គលជាងគេបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២៤ នេះ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNBC ដែលបានស្រង់ទិន្នន័យពីរបាយការណ៍សុភមង្គលពិភពលោក។ របាយការណ៍សុភមង្គលពិភពលោក ដែលជាការស្ទង់មតិ គឺផ្អែកទៅលើទិន្នន័យ Gallup World Poll គាំទ្រដោយអង្គការសហប្រជាជាតិ។ ប្រទេសដែលមានសុភមង្គលត្រូវបានអ្នកជំនាញវាយតម្លៃតាមរយៈ ៦ ចំណុចរួមមាន៖
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់, ការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងការយល់ឃើញអំពីកម្រិតនៃអំពើពុករលួយខាងក្នុង និងខាងក្រៅប្រទេស។ ក្នុងចំណោមប្រទេសចំនួន ១៤៣ សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ៣០ នៅលើពិភពលោក និងលេខ ១ នៅអាស៊ី ខណៈប្រទេសហ្វាំងឡង់ នៅតែបន្តនាំមុខគេជាប្រទេសមានសុភមង្គលបំផុតលើពិភពលោកជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងពិន្ទុ ៧.៧ តាមពីក្រោយដោយប្រទេសដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត។
ជាការពិតណាស់ នៅអាស៊ីយើងនេះសិង្ហបុរីគឺជាប្រទេសនាំមុខគេ ដោយសារគោលនយោបាយល្អ សុវត្ថិភាព ជាប្រទេសគ្មានជម្លោះ រួមទាំងសុខុមាលភាពសង្គម និងការអប់រំខ្ពស់។ លើសពីនេះប្រទេសសិង្ហបុរីក៏មានប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព និងរដ្ឋាភិបាលដែលរក្សាទំនាក់ទំនងប្រកបដោយសុខភាពល្អជាមួយពលរដ្ឋរបស់ពួកគេផងដែរ។ បច្ចុប្បន្នប្រជាជនសិង្ហបុរីគឺមានអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត ហើយក៏មានបទពិសោធន៍វិជ្ជមានជាមួយការអនុវត្តច្បាប់ច្រើនជាងអ្នករស់នៅក្នុងប្រទេសដទៃទៀតផង។
ទន្ទឹមនឹងនេះប្រទេសសិង្ហបុរីក៏មានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ប្រហែលជាដោយសារតែការពិន័យធ្ងន់ធ្ងរដែលត្រូវបានចេញសម្រាប់ឧក្រិដ្ឋកម្មតូចតាច។ រដ្ឋាភិបាល និងប៉ូលីសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ហើយឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ក្រៅពីប្រទេសសិង្ហបុរី តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងថៃក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានសុភមង្គលជាងគេនៅអាស៊ីផងដែរ៕