ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញា ដេត ស្រីនាឌ តំណាងកម្ពុជាពហិ.កាមិនចូលរួមក្នុងការប្រកួត Miss Planet international 2024 ទាំងដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្របាត់ទៅហើយ។ ស្រីនាឌ មិនបានផ្តល់មូលហេតុជាក់លាក់ក្នុងការសម្រេចចិត្តធ្វើបែបនេះភ្លាមៗទេខណៈទស្សនិកជនថា«មិនមែនជារឿងតូចតាច» ទើបឈានដល់តំណាក់កាលនេះចំណែកអ្នកខ្លះថានាងគ្មានទំនួលខុសត្រូវគួរគិតមុខមាត់ប្រទេសជាធំ។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់ ដេត ស្រីនាឌ បានប្រកាសថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិកាមិនចូលរួមប្រកួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ
នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា»។

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈនៅថ្ងៃផ្តាច់ព្រ័ត្រគឺនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា នេះហើយបែរជានាងដកខ្លួនបែបនេះទៅវិញដោយមិនដឹងថាមានមូលហេតុអ្វីនៅពីក្រោយខ្នងទើប ដេត ស្រីនាឌ សម្រេចចិត្តធ្វើបែបនេះ។ អ្នកខ្លះបានបញ្ចេញមតិថាមិនមែនជារឿងតូចតាចនោះទេទើបសម្រេចចិត្តពហិកាឡើងមក។ អ្នកខ្លះ ថា២ដង ហើយនាឌ ឱ្យតែតំណាងប្រទេស គឺមិនដែល ធ្វើឱ្យចប់សោះ ម៉េចចឹង? ជាម្ចាស់ផ្ទះផងគួរតែគិតមុខមាត់ប្រទេសជាតិជាធំ។
កម្មវិធីជប់លៀងអាហារពេលល្ងាចនាយប់ថ្ងៃទី២៥ វិច្ឆិកា ដេត ស្រីនាឌ Miss Planet Cambodia 2024 គឺមានភាពរីករាយនៅឡើយជាមួយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរនិងបាននាំបេក្ខភាពមួយចំនួនសាកល្បងរាំរបាំគោះអង្រែទៀតផង។ កាលពីយប់ថ្ងៃទី២៦ ដេត ស្រីនាឌ ក៏បានទៅសមឆាកសម្រាប់រាត្រីផ្តាច់ព្រ័ត្រដូចគ្នា។ នាងគឺជាអតីត Miss Grand Cambodia 2019 ប៉ុន្តែនាងត្រូវខកខានតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិដែលប្រទេសវេណេហ្សូអេឡា ធ្វើជាម្ចាស់ផ្ទះ៕