តារាសម្តែង Jung Woo Sung ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតឯកជនតារាប្រុសរូបនេះបន្ទាប់ពីប្រកាសទទួលស្គាល់ថាមានកូនប្រុសជាមួយតារាម៉ូដែល Moon Gabi ។ ទោះជាយ៉ាងណា តារាសម្តែងរូបនេះប្រឈមនឹងការរិះគន់ដូចគ្នាពីទស្សនិកជនថាមានចិត្តសាវ៉ាក្បត់មិត្តស្រីដែលជាអ្នកក្រៅរង្វង់សិល្បៈហើយទៅមានកូនជាមួយនឹងនារីម្នាក់ទៀត។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា មនុស្សមួយចំនួនដែលស្គាល់ជីវិតឯកជនរបស់ Jung Woo Sung បាននិយាយថា តារាប្រុសរូបនេះបានស្រលាញ់មនុស្សម្នាក់នៅក្រៅរង្វង់សិល្បៈអស់រយៈពេលជាងមួយឆ្នាំហើយ ។ Woo Sung និងមិត្តស្រីរបស់លោកធ្លាប់ដើរលេងជាមួយគូស្នេហ៍ Lee Jung Jae – Im Se Ryung ។ មិត្តស្រីរបស់ Jung Woo Sung មានការភ្ញាក់ផ្អើលពេលបានដឹងថាតារាប្រុសរូបនេះមានកូនជាមួយនឹងតារាម៉ូដែល Moon Gabi ហើយនាងមិនបានដឹងថា Woo Sung ស្គាល់តារាម៉ូដែលនោះទេ។
តំណាងក្រុមហ៊ុនសិល្បករ ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Jung Woo Sung បានឆ្លើយតបនឹងរឿងអាស្រូវនេះថា «វាជារឿងផ្ទាល់ខ្លួនរបស់អ្នកសិល្បៈ យើងមិនអាចបញ្ជាក់បានទេ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់» ។ ក្រុមហ៊ុន Woo Sung សង្ឃឹមថាអ្នកគាំទ្រកុំប៉ាន់ស្មានខ្លាំងពេកអំពីជីវិតស្នេហារបស់តារាសម្ដែងរូបនេះ។ មហាជនជាច្រើនបានរិះគន់លោកថា «ធ្វើមិនបានល្អក្នុងនាមជាឪពុក» ពេលលោកមិនណាត់ជួប Moon Gabi គ្មានចេតនាចង់រៀបការ ប៉ុន្តែនៅតែមានកូន និងក្បត់គូស្នេហ៍។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៤ ខែវិច្ឆិកា Dispatch បានចុះផ្សាយថាកូនរបស់តារាម៉ូដែល Moon Gabi បានកើតក្នុងខែមីនា ឆ្នាំ២០២៤ ។ តារាសម្តែង Jung Woo Sung និងតារាម៉ូដែល Moon Gabi បានជួបគ្នាដំបូងនៅឯការជួបជុំសង្គមមួយក្នុងឆ្នាំ ២០២២។ បន្ទាប់ពីនោះ អ្នកទាំងពីរបានទាក់ទងគ្នា និងកាន់តែស្និទ្ធស្នាលកាន់តែខ្លាំងឡើង។ នៅខែមិថុនា ឆ្នាំ២០២៣ Moon Gabi បានជូនដំណឹង ថានាងមានផ្ទៃពោះ។ ចំណែកតារាសម្ដែង Jung Woo Sung រីករាយពេលបានដឹងដំណឹងនេះហើយសន្យាថានឹងទទួលខុសត្រូវចិញ្ចឹមកូន។ យ៉ាងណាមិញ អ្នកទាំងពីរមិនដែលណាត់គ្នា ហើយក៏មិនមានបំណងចង់រៀបការដែរ៕