ប្រទេសចិន ៖ ប្រទេសចិនបានរៀបចំពិធីប្រកួតឡើងដើមដូងលឿនបំផុតក្នុងទីក្រុងសាន់យ៉ា ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ខេត្តហៃណាន ។ វាជាផ្នែកមួយនៃការប្រកួតកីឡាក្នុងស្រុក លើកទី១២ ហើយកីឡាករទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺសុទ្ធតែមានស្រុកកំណើតនៅខេត្តហៃណាន ។
បើកីឡាកររូបណាអាចឡើងដល់ចុងដូងលឿនបំផុត គឺជាអ្នកឈ្នះ ហើយពួកគេត្រូវតែប្រើប្រាស់ដៃរបស់ខ្លួនឡើងដើមដូង និងគ្មានឧបករណ៍ជំនួយ ។ គណៈកម្មការប្រកួតអនុញ្ញាតឱ្យកីឡាករគ្រប់រូបពាក់ខ្សែការពារសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ឬករណីកីឡាករភ្លាត់ស្នៀតធ្លាក់ចុះក្រោម ។
កីឡាករ និងកីឡាការិនី ដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះ គឺជាពលរដ្ឋរស់នៅខេត្តហៃណាន ពីព្រោះពួកគេមានបទពិសោធន៍ឡើងដើមដូងស្ទើរគ្រប់ទីកន្លែងតាំងពីនៅក្មេង ។ ម្យ៉ាងទៀត ការឡើងដើមដូង គឺជាកីឡាមួយដែលខេត្តហៃណាន តែងតែរៀបចំការប្រកួតជាបន្តបន្ទាប់ ។
កីឡាករទទួលជ័យជម្នះឡើងដើមដូងលឿនបំផុតផ្នែកបុរសបានចំណាយពេល៦.១៨វិនាទី រីឯផ្នែកនារី ចំណាយពេល៦.៦៦វិនាទី ។ ចិនបានរៀបចំប្រកួតកីឡាឡើងដើមដូងចាប់ពីឆ្នាំ១៩៥៣ និងរៀបចំរៀងរាល់៤ឆ្នាំម្តង ហើយនៅឆ្នាំ២០២៤ ការប្រកួតឡើងដើមដូងបានរៀបចំចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ។
ហៃណាន គឺជាខេត្តនៅជាប់ឆ្នេរសមុទ្រមានទេសភាពយ៉ាងស្រស់ស្អាត និងសម្បូរដើមដូងជាច្រើនដើម ។ ហេតុនេះ ទើបពលរដ្ឋរស់នៅខេត្តហៃណាន ពូកែឡើងដើមដូងដោយប្រើប្រាស់ដៃទទេ តាំងពីពួកគេនៅក្មេងម៉្លេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងមក ប្រទេសអង់គ្លេសបានរៀបចំការប្រកួតឡើងសសរឆាប់រហ័សបំផុតលំដាប់ពិភពលោក «World Pole Climbing Championship» ប្រចាំឆ្នាំ២០២៤ ដែលមានកម្ពស់២៥ម៉ែត្រ ។ ប៉ុន្តែកីឡាករអង់គ្លេសបានប្រើប្រាស់ឧបករណ៍ជំនួយឡើងសសរ ដែលខុសប្លែកពីកីឡាករឡើងដើមដូងរបស់ចិន ៕