ប្រាសាទបាគង មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រ បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្ញៀវទេសចរដែលមកដល់ទីនេះបានស្ងើចសរសើរមិនដាច់ពីមាត់អំពីសំណង់ប្រាសាទដ៏រឹងមាំ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃទីក្រុងមហានគរ។ ប្រាសាទដ៏ល្អឥតខ្ចោះប្រៀបបានដូចឋានសួគ៌នេះ ហ៊ុមព័ទ្ធទៅដោយដើមឈើធំៗយ៉ាងស្រស់បំព្រងគួរឱ្យចាប់អារម្មណ៍បំផុត។
ប្រាសាទបាគង ឬប្រាសាទភ្នំ ត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់ថា បានលេចរូបរាងឡើងតាំងពីមុនសម័យអង្គរមកម៉្លេះ។ ប្រាសាទដ៏ល្អឯកនេះ ក៏ត្រូវបានគេចាត់ទុកថាជាប្រាសាទទី ១ នៃការចាប់ផ្ដើមកសាងប្រាសាទភ្នំធំៗនៅសម័យអង្គរផងដែរ។ ប្រាសាទបាគង មានខឿនចំនួន ៥ ថ្នាក់ និងមានតួប៉មតូចៗសង់បន្តុបនៅខឿនជាន់ទី ៤ ព្រមទាំងតួប៉មរណបដែលសង់ជុំវិញនៅផ្នែកខាងក្រោម ដែលតួប៉មរណបទាំងនេះ ខ្លះជាសំណង់អំពីឥដ្ឋ ខ្លះទៀតអំពីថ្មភក់លាយថ្មបាយក្រៀម។
បច្ចុប្បន្នប្រាសាទដ៏អស្ចារ្យនេះមានទីតាំងស្ថិតនៅភូមិឳឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទបាគងជាទេវស្ថាន ដែលសង់លើផ្ទៃដីទំហំប្រមាណ ១៥ ហិកតា ក្នុងអតីតរាជធានីហរិហរាល័យ នាសតវត្សរ៍ទី ៩។ យោងតាមការសិក្សាស្ថាបត្យកម្ម និងសិល្បៈចម្លាក់នៅសតវត្សរ៍ទី ៩ នៃប្រាសាទនេះភាគច្រើនបានទទួលឥទ្ធិពលពីជ្វា។ ដូច្នេះហើយប្រសិនលោកអ្នកមានឱកាសបានទៅលេងខេត្តសៀមរាប សូមកុំរំលងប្រាសាទបាគង ឬប្រាសាទភ្នំឱ្យសោះ ជាពិសេសក្នុងរដូវរងារនេះ ប្រាសាទដ៏ល្អឥតខ្ចោះនេះ គឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់។
គួរបញ្ជាក់ដែរថា ប្រាសាទបាគង គឺជាប្រាសាទមួយដ៏ល្បីល្បាញសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយព្រៃឈើពណ៌បៃតងយ៉ាងក្រាស់ក្រែល បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលនៅចំកណ្តាល ប្រៀបបាននឹងឋានសួគ៌មួយទៀតពីភពផែនដីអ៊ីចឹង៕