ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃបានផ្តល់ទំនុកចិត្តដល់កសិករដាំដំឡូងមី ដោយការចា.ប់ឈ្មួញដាក់ពន្ធនា.គាររយៈពេល៧ឆ្នាំ ករណីទម្លាក់ថ្លៃដំឡូងមី ។ លើសពីនេះ រដ្ឋាភិបាលនឹងបញ្ជូនភ្នាក់ងារចុះពិនិត្យនៅតាមកន្លែងទិញ-លក់ និងចម្ការដំឡូងមីទូទាំងប្រទេស ក្នុងរដូវប្រមូលផលចាប់ពីធ្នូ ឆ្នាំ២០២៤ ។
លោក អនុគូល ព្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី និយាយថា ប្រទេសថៃជិតដល់ពេលប្រមូលផលដំឡូងមី នៅខែធ្នូ ឆ្នាំ២០២៤ ហើយរដ្ឋាភិបាលរំពឹងថា កសិករនឹងលក់ដំឡូងមីយ៉ាងច្រើន ។ ហេតុនេះ រដ្ឋាភិបាលមានវិធានការទប់ស្កាត់តម្លៃដំឡូងមីកុំឱ្យឡើងថ្លៃ ដើម្បីផ្តល់ប្រាក់ចំណូលដល់កសិករ និងទទួលបានយុត្តិធម៌ពីការលក់ទិន្នផលកសិកម្ម ដោយបង្ក្រាបក្រុមឈ្មួញឆ្លៀតឱកាសបញ្ចុះតម្លៃពេលទិញដំឡូងមី ។
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង និងក្រសួងពាណិជ្ជកម្ម នឹងបញ្ជូនក្រុមភ្នាក់ងារចុះត្រួតពិនិត្យ ដោយសហការជាមួយមន្ត្រីពាណិជ្ជកម្មតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យការថ្លឹងដំឡូងមីនៅតាមចម្ការទូទាំងប្រទេស ។
លោក អនុគូល បន្តថា កសិករបានចាប់ផ្តើមលក់ដំឡូងមីក្នុងទីផ្សារបណ្តើរៗហើយ ប៉ុន្តែមានកសិករមួយចំនួនប្រមូលផលដំឡូងមីមុនពេលកំណត់ ព្រមទាំងប្រើប្រាស់ពូជដំឡូងមីគ្មានការទទួលស្គាល់ពីរដ្ឋាភិបាល ។ ដូច្នេះ ធ្វើឱ្យដំឡូងមីស្រស់មានម្សៅតិច គឺស្មើប្រមាណពី១៩% ទៅ២០% ។
ដំឡូងមីមានម្សៅតិចនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ ប៉ុន្តែម្សៅដំឡើងមីនឹងកើនឡើងនៅខែធ្នូ ឆ្នាំ២០២៤ ដោយសារជាពេលផុតរដូវវស្សា ។ រីឯតម្លៃដំឡូងស្រស់ដែលមានម្សៅ២៥% គឺស្មើនឹង២.៥០បាត ហើយរដ្ឋាភិបាលបានស្នើឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានការណ៍ទិញ-លក់ដំឡូងមីឱ្យបានដិតដល់ ។
ក្រៅពីនេះ ការទិញ-លក់ដំឡូងមី ត្រូវតែមានភាពយុត្តិធម៌សម្រាប់កសិករ និងឈ្មួញ ទាំងផ្នែកគុណភាព និងតម្លៃ ។ រដ្ឋាភិបាលនឹងប្រកាសឱ្យកសិករប្រមូលផលដំឡូងមីតាមការកំណត់ដើម្បីទទួលបានគុណភាព និងលក់បានថ្លៃ ។ ក្រុមឈ្មួញទទួលទិញទិន្នផលកសិករ ត្រូវតែអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ បើពួកគេធ្វើខុស នឹងទទួលទោសតាមច្បាប់ ។
បើឈ្មួញទម្លាក់ថ្លៃដំឡូងមី នឹងជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន១៤ម៉ឺនបាត (ឬស្មើ៤,១១៧ដុល្លារអាមេរិក) ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ ករណីឈ្នួញពុំបង្ហាញតម្លៃទទួលទិញដំឡូងមី ឬបង្ហាញតម្លៃទិញខុសពីច្បាប់កំណត់ ឬគិតថ្លៃថ្លឹងទិន្នផលដែលទទួលទិញ នឹងជាប់ពន្ធនាគារ៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន១០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។.png)
លើសពីនេះ បើឈ្មួញប្រើប្រាស់ជញ្ជីងថ្លឹងគ្មានបិទស្លាកសញ្ញាទទួលស្គាល់ត្រឹមត្រូវ នឹងជាប់ពន្ធនាគាររយៈពេល៦ខែ ឬបង់ប្រាក់ពិន័យចំនួន២ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ លើសពីនេះ បើឈ្មួញបន្លំភ្នែកជញ្ជីង ឬប្រើជញ្ជីងកែច្នៃដោយខ្លួនឯង នឹងជាប់ពន្ធនាគារ៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន២៨ម៉ឺនបាត ។
រីឯកសិករណាពុំទទួលបានយុត្តិធម៌ក្នុងការលក់ដំឡូងមី ឬទិន្នផលកសិកម្មផ្សេងទៀត ឬប្រទះឃើញបទល្មើសនៅកន្លែងណាមួយ គឺអាចផ្តល់ដំណឹងមកមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង តាមរយៈលេខទូរស័ព្ទ 1569 ឬផ្តល់ដំណឹងមកការិយាល័យពាណិជ្ជកម្មខេត្តនៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់របស់លោក អនុគូល ៕










