ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសពីការដាក់ពាក្យចូលរួមដេញ នូវការប្រមូលអនុផលព្រៃឈើក្នុងអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ក្នុងខេត្តកោះកុង។
នៅក្នុងគម្រោងវារីអគ្គិសនីនេះ មានឈើចម្រុះ សរុបចំនួន ៧២១៣ម៉ែត្រគូប មានតម្លៃ ៤៤៥ ១៤២ ដុល្លារ និងមានកូនឈើចម្រុះប្រភេទ សរុបចំនួន១៦៨០៥ដើម និងអុសចំនួន ៨៦៨៨ស្ទែរ ដែលមានតម្លៃជិត១លានដុល្លារ។
ការដាក់ដេញថ្លៃនេះ ក៏ព្រោះថា នៅពេលទំនប់វារីអគ្គិសនីសាងសង់រួចរាល់ ព្រៃឈើទាំងនោះនឹងត្រូវលិចចោលក្នុងទឹកដោយឥតប្រយោជន៍ ហេតុនេះរដ្ឋាភិបាលក៏សម្រេចឱ្យមហាជនចូលរួមដេញថ្លៃ ដើម្បីអាចប្រមូលបានបុព្វលាតចូលថវិកាជាតិ។
បើយោងតាមគណៈកម្មការដេញថ្លៃប្រមូលផល អនុផលព្រៃឈើក្នុងការសម្អាតអាងស្ដុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ បានលើកឡើងថា៖”អ្នកដែលអាចចូលរួមដេញថ្លៃបាន ដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ និងករណីអ្នកមានប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងជាប់ជំពាក់បំណុលរដ្ឋ មិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃទេ”។.png)
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបានបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដោយចំណាយជិត៤០០លានដុល្លារ ក្រោមទុនវិនិយោគសាងសង់របស់ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd.របស់ប្រទេសចិន៕










