ប្រទេសចិន៖ ថ្មីៗនេះអាជ្ញាធរនៅក្នុងខេត្តជាច្រើនរបស់ប្រទេសចិនបានដាក់ពង្រាយអ្នកប្រមាញ់ដើម្បីបំផ្លាញសត្វជ្រូកព្រៃ បន្ទាប់ពីវាបានវាយប្រហារ និងបង្កគ្រោះ.ថ្នាក់ដល់មនុស្ស។
យោងតាមសារព័ត៌មានបរទេស China Daily បច្ចុប្បន្នជ្រូកព្រៃបានបង្កភាពចលាចលយ៉ាងខ្លាំងដល់ទីក្រុងនានារបស់ចិន ដោយបានធ្វើឱ្យមនុស្សម្នាក់ស្លា.ប់ និងជាច្រើននាក់ទៀតរងរបួស។ ប៉ុន្មានថ្ងៃនេះជ្រូកព្រៃបានចូលវាយលុកទីក្រុង បំផ្លាញវត្ថុមានតម្លៃជាច្រើន ក៏ដូចជាចូលលុកលុយក្នុងសណ្ឋាគារ ឬផ្ទះប្រជាពលរដ្ឋទៀតផង។
ជ្រូកព្រៃបានក្លាយជាការគំរា.មកំហែ.ងកាន់តែខ្លាំងឡើងចំពោះទីក្រុងនានារបស់ចិន ដែលពួកវាបានវាយប្រហារមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ ដោយបង្ខំឱ្យអាជ្ញាធរត្រូវតែដាក់ពង្រាយអ្នកប្រមាញ់ដើម្បីសម្លា.ប់សត្វទាំងនេះជាបន្ទាន់។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំនេះជ្រូកព្រៃគឺបានកើនឡើងរហូតដល់ ១៩% បើធៀបនឹងឆ្នាំមុន ដែលនាំឱ្យចំនួនឧប្បត្តិហេតុសរុបក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះឡើងដល់ ១,៩១៣។ 
គួរបញ្ជាក់ដែរថា ប្រទេសចិនគឺជាជម្រករបស់ជ្រូកព្រៃជាង ២ លានក្បាល ដែលពួកវាត្រូវបានកត់ត្រានៅក្នុងខេត្តចំនួន ២៨ នេះបើយោងតាមរដ្ឋបាលព្រៃឈើជាតិ និងវាលស្មៅ។ នៅក្នុងខេត្តចំនួន ២៨ ជ្រូកព្រៃបានវាយប្រហារមនុស្ស ឬបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។ នេះបើតាមអ្នកស្រាវជ្រាវ Jin Kun នៅបណ្ឌិត្យសភាព្រៃឈើចិន បាននិយាយថា បញ្ហាធ្ងន់ធ្ងរបំផុតគឺស្ថិតក្នុងខេត្តដូចជា Shaanxi, Sichuan និង Guangdong។ យោងតាមលោក ចំនួនជ្រូកព្រៃកំពុងកើនឡើងយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែបរិស្ថានប្រសើរឡើង និងកង្វះសត្វមំសាសីធម្មជាតិដូចជាខ្លា និងចចក។
លោក Jin បានបន្តទៀតថា នៅរដូវស្លឹកឈើជ្រុះ ជ្រូកព្រៃតែងតែដើរចូលដីដំណាំដើម្បីស៊ីស្រូវ ពោត និងផ្លែឈើ ក្នុងគោលបំណងស្វែងរកអាហារ ប៉ុន្តែពួកវាក៏អាចស្វែងរកពង្រីកទីជម្រករបស់ពួកវាផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះអាជ្ញាធរមូលដ្ឋានគឺបានចុះទៅដោះស្រាយបញ្ហានេះរួចហើយ ដោយដាក់ពង្រាយក្រុមអ្នកបរបាញ់ចំនួនពីរក្រុម នៅទីក្រុង Baoji ខេត្ត Shaanxi ដោយបានសម្លាប់ជ្រូកអស់ចំនួន ៨៣០ ក្បាល៕










