ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ាគីស្ថានគឺជាគោលដៅដ៏ទាក់ទាញមួយ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារតែម្តង ដោយសារនៅទីនេះមានភាពស្រស់ស្អាតខ្លាំង មិនចាញ់នៅអឺរ៉ុបនោះទេ។ ប្រទេសប៉ាគីស្ថានត្រូវបានសមាជិកនៃវេទិកាទេសចរណ៍អន្តរជាតិចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ី ហើយគោលដៅដែលល្បីបំផុតនោះគឺតំបន់ Skardu ឬ Gilgit ដែលនៅទីនោះមានទេសភាពស្អាតជាងគេ។
លើសពីនេះអ្នកទេសចរក៏អាចរីករាយនឹងទិដ្ឋភាពភ្នំព្រិលនៃភ្នំហិម៉ាឡៃចំនួនបីគឺ Karakoram, hindu kush និងកំពូលភ្នំ Nanga Parbat ផងដែរ ជាមួយកម្ពស់ ៨,១២៦ ម៉ែត្រនៅលើផ្លូវ Islamabad និង Skardu។ ក្រៅពីតំបន់សំខាន់ៗខាងលើបឹង Shausar មានទឹកពណ៌បៃតងដូចត្បូងមរកត ដែលមានទីតាំងនៅតំបន់ខ្ពង់រាប Deosai ក៏ជាកន្លែងមិនធម្មតាដែរ ដោយសារនៅទីនោះមានខ្យល់អាកាសបរិសុទ្ធ និងភ្នំព្រិលដ៏អស្ចារ្យ បូករួមនឹងធម្មជាតិស្រស់បំព្រង ដែលមានកម្ពស់ជាមធ្យម ៤,១១៤ ម៉ែត្របានកំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារាប់ពាន់នាក់ទូទាំងពិភពលោក។
អ្នកទេសចរមួយក្រុមបាននិយាយថា រដូវស្លឹកឈើជ្រុះដ៏ល្អឥតខ្ចោះនៃប្រទេសអាស៊ីខាងត្បូងមួយនេះគឺមានភាពខុសគ្នាខ្លាំងក្នុងអាកាសធាតុរវាងខាងត្បូង និងខាងជើង ខណៈខាងត្បូងនៅតែក្តៅ ប៉ុន្តែខាងជើងត្រជាក់ ហើយនៅកន្លែងខ្លះ សីតុណ្ហភាពពេលយប់អាចធ្លាក់ចុះដល់ដក ៨ អង្សារសេក៏មាន។ ទន្ទឹមនឹងនេះតំបន់ Hunza – Nagar Valley ក៏ត្រូវបានគេស្គាល់ថាជាឋានសួគ៌របស់ប្រទេសប៉ាគីស្ថាននៅលើផែនដីជាមួយនឹងភូមិដ៏ស្រស់ស្អាតផងដែរ។ នៅរដូវស្លឹកឈើជ្រុះ កន្លែងនេះគឺមានពណ៌លឿង-ទឹកក្រូច និងពណ៌ផ្កាឈូក ដែលមានអាយុកាលរាប់រយពាន់ឆ្នាំនៃដើម cherry, apricot, Walnut, strawberry និងដើមម៉េផល។
កន្លែងនេះក៏មានចម្ការផ្លែប៉ោមដែលមានពណ៌ក្រហមស្រស់ និងបៃតងទៀតផង។ រដូវស្លឹកឈើជ្រុះក៏ជារដូវប្រមូលផលផ្លែប៉ោមផងដែរ អ្នកទស្សនាអាចទៅកសិដ្ឋានផ្លែប៉ោម ឬទិញផ្លែធម្មជាតិនេះនៅនឹងកន្លែងដើម្បីរីករាយនឹងទេសភាពទីនោះ។ យោងតាមសម្តីភ្ញៀវទេសចរ បាននិយាយថា ប៉ាគីស្ថានមិនត្រឹមតែជាប្រទេសមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ីនោះទេ ប្រជាជននៅទីនោះក៏មានភាពរួសរាយរាក់ទាក់ខ្លាំងផងដែរ៕










