ប្រទេសចិន ៖ នារីជា Influencer ដ៏ល្បីល្បាញម្នាក់នៅប្រទេសចិនបានបរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គម និងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ថែមទាំងអាចសន្សំសំចៃប្រាក់ទៀតផង ប៉ុន្តែត្រូវបានមហាជនមិនយល់ស្រប និងនិយាយបែបនេះទៅវិញ ។
វាបានក្លាយជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមចិន ពេលនារីម្នាក់ឈ្មោះ Kong Yufeng ឬមានឈ្មោះក្នុងបណ្តាញសង្គមថា King Kong Like ដែលល្បីល្បាញខាងច្នៃប្រឌិត និងមានអ្នកតាមដានក្នុង Douyin រហូតដល់២លាន៨សែននាក់ បានបង្ហោះវីដេអូបរិភោគចំណីជ្រូកមានតម្លៃថោកជារៀងរាល់ថ្ងៃ ដើម្បីសន្សំសំចៃប្រាក់ ។ នាងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនច្រើនណាស់ បរិភោគហើយល្អសម្រាប់សុខភាព ។
.png)
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នារីឈ្មោះ Kong បានបង្ហោះវីដេអូពីការសន្សំសំចៃប្រាក់ ឬចំណាយប្រាក់ឱ្យអស់តិចបំផុត ដោយការបរិភោគចំណីជ្រូក ។ នាងបានទិញចំណីជ្រូក១ថង់ ដោយចំណាយប្រាក់ត្រឹមតែ១៤ដុល្លារអាមេរិកប៉ុណ្ណោះ ព្រមទាំងនិយាយថា បើនាងបរិភោគវា គឺនាងនឹងចំណាយប្រាក់មិនដល់១ដុល្លារទេ ។
ពេលបើកថង់ចំណីជ្រូក នាងនិយាយថា ក្លិនវាឈ្ងុយណាស់ ដោយសារមានគ្រឿងផ្សំជាច្រើនមុខ ដូចជា ៖ សណ្តែក, ល្ង, ពោត និងវីតាមីនផ្សេងៗ ។ ដូច្នេះ វាផ្តល់នូវប្រូតេអ៊ីនខ្ពស់, ខ្លាញ់តិច និងសុទ្ធតែជាគ្រឿងផ្សំពីធម្មជាតិទាំងអស់ ហើយផ្តល់ផលល្អសម្រាប់សុខភាពជាងអាហារដែលនាងទិញមកបរិភោគ ។
នាងក៏បានយកចំណីជ្រូកមកផ្សំជាមួយទឹកក្តៅបរិភោគ ហើយនិយាយថា ៖ «រសជាតិប្រៃខ្លាំងណាស់ និងជូរបន្តិច ។ ខ្ញុំទ្រាំពុំបានទេ ត្រូវតែផឹកទឹកបន្ថែម» ។ ប៉ុន្តែទោះយ៉ាងណា នាងនៅតែបន្តបរិភោគចំណីជ្រូករហូតដល់អស់ពីចាន ថែមទាំងមានគម្រោងបរិភោគចំណីជ្រូកឱ្យបាន១សប្តាហ៍ ព្រោះចង់ដឹងថា តើសុខភាពនាងនឹងដូចម្តេច បើនាងបរិភោគតែចំណីជ្រូកមួយមុខ ។
នាងបានប្រាប់អ្នកមើលវីដេអូកុំឱ្យធ្វើតាមនាង បើទោះជាគ្មានប្រាក់ទិញអាហារក្តី ។ ក្រោយពីវីដេអូនេះផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺមានចំនួនចូលមើលយ៉ាងច្រើន ហើយអ្នកលេងបណ្តាញជាច្រើនរិះគន់ថា វាគ្មានប្រយោជន៍ ពីព្រោះជាចំណីជ្រូក តើឱ្យមនុស្សបរិភោគយ៉ាងម៉េចកើត?.png)
មតិខ្លះទៀតបារម្ភខ្លាចមានអ្នកធ្វើតាមនាង ដោយសារនាងជា Influencer ដ៏ល្បីល្បាញម្នាក់ ហើយទង្វើរបស់នាងនឹងមានឥទ្ធិពលដល់អ្នកដទៃ ជាពិសេស យុវជនអាចនឹងបរិភោគចំណីជ្រូកតាមនាង ។
ដោយឡែក បុគ្គលិកក្រុមហ៊ុនផលិតចំណីជ្រូក និយាយថា បើទោះជាចំណីជ្រូកគ្មានគ្រោះថ្នាក់ក្តី ប៉ុន្តែបើមនុស្សបរិភោគ គឺក្រពះពុំអាចរំលាយបានទេ ចូរកុំបរិភោគដាច់ខាត ។ ក្រៅពីនេះ អ្នកជំនាញផ្នែកសុខភាពក៏បាននិយាយដែរថា ការបរិភោគចំណីជ្រូកអាចធ្វើឱ្យខ្វះកាល់ស្យូម, ធាតុដែក និងអៃអូទីន ហើយបណ្តាលឱ្យខូចឆ្អឹង និងឆាប់ហត់ ។.png)
ក្រោយពីមានមហាជនរិះគន់ច្រើនពេក នារីរូបនេះក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គម ហើយគេពុំអាចស្វែងរកគណនីរបស់នាងឃើញទេ ៕










