នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណន សុខហេង ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន “ស៊ាង ឡង មីងស៊ូ” លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា។
នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ បានស្នើសុំអោយភាគីជម្លោះ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ និងកុំឱ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា និងសុំឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបញ្ឈប់ការផ្សាយ អ្នកនេះខុស អ្នកនេះត្រូវបន្តទៀត។
ក្នុងនោះ សម្ដេចតេជោ បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ដល់លោក ណន សុខហេង ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។

គួរបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែលោក ណន សុខហេង ខឹងថៅកែក្រុមហ៊ុន “ស៊ាង ឡង មីងស៊ូ”មិនបើកលុយឱ្យ រួចក៏បានចាប់ជំរិតកូនឆ្កែ តែត្រូវថៅប្តឹងចាប់ដាក់គុកទៅវិញ៕