បទនគររាជ ច្រៀងដោយព្រះនាងតូចនរោត្តម ជេនណា នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ ម្សិលមិញនេះ ហាក់ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជនទូទៅ។
នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរៀបចំព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ យ៉ាងមហាឡារិកបំផុត។ តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីការជួយលើកស្ទួយកីឡាជាតិ និងមុខមាត់ប្រទេសជាតិហើយ ក៏នៅមាននូវការប្រគុំតន្ត្រី ការសម្តែងសិល្បៈបុរាណ សម័យ ក៏ដូចជាមានការអញ្ជើញចូលរួមពីតារាល្បីៗ ដូចជាលោកវណ្ណដា លោកងួន ចាន់ដាវីដ កញ្ញារ៉េតស៊ូហ្សាណា និងតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែសប្បាយរីករាយ។
អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ ព្រះនាងតូចនរោត្តម ជេនណា ក៏បានលេចព្រះវត្តមាននៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយព្រះនាងបានច្រៀងបទនគររាជ ជាចម្រៀងជាតិខ្មែរ ជាមួយនឹងទឹកដមសម្លេងយ៉ាងគ្រលួច រហូតមានអ្នកព្រឺសម្បុរទៀតផង។ ខណៈពេលដែលព្រះនាងបន្លឺសំឡេងឡើងភ្លាម មនុស្សគ្រប់គ្នានៅទីនោះ បានស្ថិតនៅក្នុងឥរិយាបទឈរយ៉ាងត្រង់ជើងភ្លឺង ស្ងៀមស្ងាត់ ភ្នែកសំឡឹងទៅត្រង់ ដែលឆ្លុះបញ្ចាំងអំពីស្មារតីស្នេហាជាតិខ្ពស់របស់កូនខ្មែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមទីលានប្រកួតតាមវិញ្ញាសាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និង ខេត្តកំពង់ឆ្នាំង។ ការប្រកួតកីឡាជាតិលើកទី៤មានកីឡាចំនួន ៣៦ ប្រភេទ ស្មើនឹង ៣២៨ វិញ្ញាសា។ រីឯការប្រកួតកីឡាជនពិការជាតិលើកទី២ មានកីឡាចំនួន ៧ ប្រភេទ ស្មើនឹង ៤៥ វិញ្ញាសាផងដែរ។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបច្ចេកទេស សមត្ថភាព និង បទពិសោធន៍ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការប្រកួតកីឡាជាតិនិងកីឡាជនពិការជាតិឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕










