បរទេស៖ នៅឆ្នាំ ២០២៤ នេះចំនួនភ្ញៀវទេសចរដែលបានទៅលេងទ្វីបអង់តាក់ទិក គឺបានលើសពី ៤៣,០០០ នាក់ហើយកើនឡើងជាង ៥០០% បើប្រៀធៀបទៅនឹងរដូវរងាឆ្នាំ ២០១៧ ដែលមានតែអ្នកទេសចរប្រហែល ៧,០០០ នាក់ប៉ុណ្ណោះ។
ទ្វីបអង់តាក់ទិក គឺជាផ្ទៃទ្វីបថ្ម ឬដី ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយផ្ទាំងទឹកកក និងជាទីកន្លែងត្រជាក់ជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នមិនមានប្រទេសណាអាចគ្រប់គ្រងបានទេ។
ទ្វីបដ៏ធំល្វឹងល្វើយនេះស្ថិតនៅចំប៉ូលខាងត្បូង នៃភពផែនដីតែម្តង ដោយផ្ទៃដី ឬថ្ម ៩៨ភាគរយរបស់វាគ្របដណ្តប់ដោយទឹកកក ដែលមានកម្រាស់យ៉ាងក្រាសរហូតដល់ ១.៦គីឡូម៉ែត្រ ឬ ២ គីឡូម៉ែត្រ។ វាជាកន្លែងប្រមូលផ្តុំទឹកកក ៩០ ភាគរយ នៃទឹកកកទាំងអស់នៅលើផែនដី និងទឹកសាបរហូតដល់ទៅ ៧០ ភាគរយឯណោះ ដែលនេះពិតជាចំនួនដ៏ច្រើនខ្លាំងណាស់។ កាលពីប៉ុន្មានទសវត្សរ៍មុន ការធ្វើដំណើរទៅកាន់ទ្វីបអង់តាក់ទិកមិនមែនជាបទពិសោធន៍ដ៏ប្រណីតដូចសព្វថ្ងៃនេះទេ។
មុននឹងទៅដល់តំបន់ទឹកកកនេះ ភ្ញៀវត្រូវតែធ្វើដំណើរតាមកប៉ាល់តូចៗ ឬហោះហើរជាច្រើនដង ដោយឆ្លងកាត់ប្រទេសអឺរ៉ុបជាច្រើនទៀត។ ហើយនៅពេលទៅដល់ទីនោះ ភ្ញៀវនឹងជួបប្រទះអាកាសធាតុដ៏សែនអាក្រក់ ក៏ដូចជាប្រឈមនឹងសត្វកាចសាហាវផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះ ខ្សែនាវាដូចជា Ponant, Silversea, Seabourn និង Scenic របស់អាមេរិកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់នូវបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកធ្វើដំណើរទៅកាន់តំបន់ប៉ូល។ ពួកគេផ្តល់ជូននូវឈុតប្រណីតនៅលើយន្តហោះ អាហារឆ្ងាញ់ៗ និងសូម្បីតែស្ប៉ា។
ហេតុនេះហើយភ្ញៀវទេសចរកាន់តែច្រើនក៏បានចាប់អារម្មណ៍នឹងបទពិសោធន៍នៅទីនោះ ដែលធ្វើឱ្យទ្វីបអង់តាក់ទិកកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្តី ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានធ្វើឱ្យអ្នកជំនាញជាច្រើនព្រមានអំពីផលប៉ះពាល់បរិស្ថាន។ អ្នកបរិស្ថានវិទ្យាបាននិយាយថា វត្តមានមនុស្សកាន់តែច្រើនឡើងនៅក្នុងទ្វីបអង់តាក់ទិក បានកំពុងធ្វើឱ្យកម្រិតកាបូនឌីអុកស៊ីតកើនឡើង ហើយព្រិលនៅអង់តាក់ទិកក៏កំពុងរលាយលឿនជាងមុនផងដែរ។
ដើម្បីការពារបរិស្ថាននៅតំបន់ទឹកកកអង់តាក់ទិក ប្រតិបត្តិករនាវាទេសចរណ៍បាននិយាយថា ពួកគេដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ដែលពួកគេមាននៅលើបរិស្ថាន។ ដូច្នេះអ្នកដំណើរដែលមកទីនេះ តែងតែត្រូវបានផ្តល់ការណែនាំលម្អិតមិនឱ្យនាំយកអាហារខាងក្រៅ ឬសារធាតុកខ្វក់ផ្សេងទៀតទៅកាន់អង់តាក់ទិកឡើយ។ ភ្ញៀវក៏ត្រូវបានណែនាំកុំឱ្យដេកលើព្រិល ហើយរក្សាចម្ងាយពីសត្វព្រៃដើម្បីការពារការរីករាលដាលនៃបាក់តេរី និងមេរោគទៅកាន់ពួកវាផងដែរ៕