ប្រទេសចិន ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា លោក Zhang Yiming ជាស្ថាបនិករបស់ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន ក្នុងឆ្នាំ២០២៤ គឺទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់៤៩.៣០០លានដុល្លារអាមេរិក ។
លោក Zhang មានអាយុ៤១ឆ្នាំ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance កាលពីឆ្នាំ២០២១ ។ លោកជាបុគ្គលទី១៨ ដែលទទួលបានតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ចិន ដែលជាការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ។
តម្លៃទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងលើសទ្រព្យសម្បត្តិមហាសេដ្ឋីឈ្មោះ Zhong Shanshan ជាស្ថានិកក្រុមហ៊ុនផលិតទឹករ៉ែម៉ាក Nongfu Sunquan ។ ហេតុនេះ មហាសេដ្ឋី Zhong បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ ដោយសារទ្រព្យសម្បត្តិធ្លាក់ចុះ២៤% គឺនៅសល់ត្រឹមតែ៤៧.៩០០លានដុល្លារអាមេរិក ។
បើទោះជាលោក Zhang បានប្រឈមនឹងឧបសគ្គផ្លូវច្បាប់ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនៅអាមេរិក ប៉ុន្តែប្រាក់ចំណូលនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន ByteDance បានកើនឡើងរហូតដល់៣០% កាលពីឆ្នាំ២០២៣ គឺស្មើនឹង១១ម៉ឺនលានដុល្លារអាមេរិក ។ ហេតុនេះ វាបានជួយឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Zhang កើនឡើងផងដែរ ។
ចំណែកមហាសេដ្ឋីចិនមានទ្រព្យសម្បត្តិច្រើនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ គឺបានទៅ Pony Ma ជាស្ថាបនិក Tencent ។ រីឯមហាសេដ្ឋីឈ្មោះ Colin Huang ជាស្ថាបនិក PDD Holdings ធ្លាក់មកនៅចំណាត់ថ្នាក់ទី៤ បើទោះជាប្រាក់ចំណូលពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo និង Temu កើនឡើងក្តី ។
ចំនួនមហាសេដ្ឋីចិនដែលមានឈ្មោះក្នុងការចាត់ចំណាត់ថ្នាក់របស់ Hurun China Rich List ក្នុងឆ្នាំ២០២៤ បានថយចុះ១៤២នាក់ គឺនៅសល់ត្រឹមតែ៧៥៣នាក់ប៉ុណ្ណោះ ។ នេះចាត់ទុកថា ការចាត់ចំណាត់ថ្នាក់មហាសេដ្ឋីចិនក្នុងឆ្នាំ២០២៤ គឺតិចជាងឆ្នាំ២០២១ ។
Rupert Hoogewerf ជាប្រធាន Hurun China Rich List បញ្ជាក់ថា សេដ្ឋកិច្ច និងទីផ្សារហ៊ុនចិនកំពុងប្រឈមនឹងការលំបាក ហើយអាជីវកម្មដែលធ្លាក់ចុះទ្រព្យសម្បត្តិខ្លាំងបំផុត គឺផ្នែកអចលនទ្រព្យ ខណៈក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាក់ស្តែង Lei Jun ជាស្ថាបនិក Xiaomi មានទ្រព្យសម្បត្តិកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ៕