ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា កូរ៉េខាងជើងបានចាប់ផ្តើមសាងសង់របងនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពីកូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែ.ក បំផ្លា.ញ ផ្លូវ កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ។ ក្រៅពីនេះ មេដឹកនាំកំពូលកូរ៉េខាងជើងបានបញ្ជាឱ្យកែប្រែខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញ និងចាត់ទុកថា កូរ៉េខាងត្បូងជាសត្រូវរបស់ខ្លួន ។
តាមរូបភាពថតពីផ្កាយរណបរបស់អាមេរិក និងបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែតុលា កន្លងមកថា កូរ៉េខាងជើងបានសាងសង់របងនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង ដែលមានប្រវែង៩៥ម៉ែត្រ ។ របងនេះស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធា ហើយកាលពីមុន នៅទីនេះ គឺជាទីតាំងតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្ម «គេស៊ុង» និងទីក្រុងប៉ាជូ ដែលជាទីក្រុងជាយដែនរបស់កូរ៉េខាងត្បូង ។.png)
ក្រៅពីនេះ ផ្កាយរណបរបស់អាមេរិកក៏បានបង្ហាញពីរូបភាពការសាងសង់សំណង់ផ្សេងទៀតរបស់កូរ៉េខាងជើងផងដែរ ដែលមានប្រវែងប្រមាណ២០០ម៉ែត្រ ស្ថិតនៅទីតាំងក្បែរគ្នា ។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ កងទ័ពកូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកបំផ្លាញផ្លូវយ៉ុងគី និងផ្លូវដុងហ៊ែ ដោយអះអាងថា គឺជាវិធានការមួយពុំអាចចៀសបាន ប៉ុន្តែវាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងជាការកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ។

សារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង រាយការណ៍ថា កូរ៉េខាងជើងបានកែប្រែខ្លឹមសារខ្លះក្នុងរដ្ឋធម្មនុញ្ញ និងបន្ថែមខ្លឹមសារថ្មី ដោយកំណត់ថា កូរ៉េខាងត្បូងជាសត្រូវរបស់កូរ៉េខាងជើង ។ ការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញ គឺធ្វើឡើងតាមការបញ្ជារបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីដើមឆ្នាំ២០២៤ គឺឱ្យសភាប្រជាជនកំពូលកែតម្រូវខ្លឹមសាររដ្ឋធម្មនុញ្ញ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកបំផ្លាញមជ្ឈមណ្ឌលសម្របសម្រួលរួមរវាងប្រទេសកូរ៉េទាំងពីរ ដែលមជ្ឈមណ្ឌលនេះស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម «គេស៊ុង» របស់កូរ៉េខាងជើង ។ រីឯប្រាក់សម្រាប់ការចំណាយសាងសង់មជ្ឈមណ្ឌលនេះ គឺបានមកពីកូរ៉េខាងត្បូង ៕










