សហរដ្ឋអាមេរិក ៖ អគារដ៏ចម្លែកមួយនេះស្ថិតនៅតំបន់ជនបទក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក ដែលមានប្រវត្តិយ៉ាងអាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍ ។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យបានប្រកាសលក់អគារក្នុងតម្លៃជាង៣៦ម៉ឺនដុល្លារអាមេរិក សម្រាប់មហាសេដ្ឋីណាដែលមានប្រាក់ច្រើនអាចជួសជុលអគារឡើងវិញ ។
នៅផ្នែកខាងក្នុងអគារ គឺជាលេណដ្ឋានលាក់ខ្លួនរបស់កងទ័ពអាមេរិក និងធ្លាប់ជាកន្លែងដាក់មីស៊ីលបាញ់ឆ្លងទ្វីប កាលពីឆ្នាំ១៩៦០ ។ អគារនេះមានសុវត្ថិភាព និងអាចទប់ទល់ជាមួយការវាយប្រហារដោយអាវុធនុយក្លេអ៊ែរបាន ។ ប៉ុន្តែបច្ចុប្បន្ន អគារនៅក្រោមដីគ្មានភាពស្រស់ស្អាត និងមិនគួរឱ្យរស់នៅទេ លើកលែងតែអ្នកទិញអគារមានប្រាក់ជួសជុលឱ្យថ្មីឡើងវិញ ។.png)
លេណដ្ឋានត្រូវបានសាងសង់ស្មើទំហំដីជាង៤ហិកតា ហើយនៅក្រោមអគារមានភ្លើងអគ្គិសនី, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ។ អគារនេះត្រូវបានសាងសង់ជាច្រើនជាន់នៅក្រោមដី ហើយនៅជាន់ក្រោមបង្អស់ គឺជាបន្ទប់សម្រាប់បង្ហោះមីស៊ីល ។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យ Hirsch Real Estate បានប្រកាសលក់អគារក្នុងតម្លៃជាង៣៦ម៉ឺនដុល្លារអាមេរិក ដោយក្រុមហ៊ុនផ្សព្វផ្សាយថា គេអាចយកអគារធ្វើជាការិយាល័យ ឬឃ្លាំងទុកសម្ភារៈ ។ វាជាកន្លែងមានសក្តានុពលយ៉ាងខ្លាំង ហើយអាចកែច្នៃអគារធ្វើជាលំនៅឋាន, អាផាតមិន និងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ បើអតិថិជនចង់បានទីកន្លែងមានសុវត្ថិភាព និងខុសប្លែកពីគេ គឺអគារនេះស័ក្តិសមយ៉ាងខ្លាំង ។
ចំណែកប្រវត្តិរបស់អគារវិញ គឺវាជាកន្លែងបង្ហោះមីស៊ីល Atlas F មួយកន្លែងក្នុងចំណោម១២កន្លែង ដែលស្ថិតនៅរដ្ឋ Kansas សហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្ន អគារទាំងមូលត្រូវបានទុកចោល ។ កងទ័ពអាមេរិកបានយកអគារក្រោមដីធ្វើជាលេណដ្ឋានគេចពីគ្រោះថ្នាក់ ទើបអគារត្រូវបានសាងសង់ឱ្យក្លាយជាកន្លែងទប់ទល់នឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ៕










