ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាលើកទី២នៅលើទឹកដីប្រវត្តិសាស្រ្តមានផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដើរតួជា ព្រះនាងឥន្រ្ទទេវី ចំណែកឯតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត នឹងដើរតួជាព្រះបាទជ័យវរ្ម័នទី៧ ជាមួយនឹងការសម្តែងរួមរបស់សិល្បករ សិល្បការិនីប្រមាណ៥០០នាក់។ ទោះយ៉ាងណា ក៏សម្តែងជាតួអង្គនេះស្រាប់តែមានគេខម្មិនដាក់តារាចម្រៀងរូបនេះថា «ស្គាល់ប្រជាជនផងកុំចូលតួពេក»។
នាព្រឹកថ្ងៃទី២៩ ខែតុលា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូហាត់សមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៨ ដោយបានដាក់ខ្លឹមសារថា «នេះជាការសមសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យស្នាមញញឹមកម្ពុជាសំរាប់ការសម្តែងនាម៉ោង៣ល្ងាចនេះដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ទៅកាន់ពិភពលោកនិងដើម្បីទេសចរណ៍កម្ពុជា»។
វីដេអូមួយនេះបានទាក់ទាញការចាប់អារម្មណ៍ពីហ្វេនៗអ្នកខ្លះក៏បានចូលទៅសម្តែងការកោតសរសើរចំណែកឯមតិខ្លះទៀតហាក់បីដូចជាផ្លែផ្លាឱ្យតារាចម្រៀងរូបនេះ។ ក្នុងនោះគេសង្កេតឃើញថាមានការខម្មិនមួយហើយក៏មានការឆ្លើយតបពីឧកញ៉ា ខេមរៈ សិរីមន្ត ផងដែរ។
គណនីហ្វេកប៊ុកមួយថែមទាំងមានសញ្ញាសម្គាល់ជា TOP Fan បានខម្មិនថា « មិចម៉ាស្គាល់ប្រជាជនផង កុំចូលតួដូចមុនពេកបង»។ ពាក្យសម្តីនេះតារាចម្រៀងមានងារជាឧកញ៉ា បានឆ្លើយតបវិញថា «ព្រះអង្គទ្រង់មានអំណាចអនុភាពខ្លាំងណាស់ណាប្អូនមិនមែនលំៗដូចប្អូនគិតនោះទេព្រះអង្គជាស្ដេចអធិរាជ ព្រោះសម័យព្រះអង្គដឹកនាំព្រះអង្គត្រួតត្រាស្ដេចជាច្រើនដែលជាប្រទេសចំណុះរបស់ព្រះអង្គនៅក្នុងសម័យមហានគរណាប្អូនសំលាញ់ ឬក៏ប្អូនចង់ឱ្យបងធ្វើមុខក្រឡេមក្រឡើមពេលគ្រងឈុតព្រះអង្គមែនដែរឬទេ?»។
កាលពីមុនតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមានការចាប់អារម្មណ៍និងមានការវែកញែកមិនតិចនោះទេបន្ទាប់ពីគ្រងឈុតបុរាណព្រះបាទជ័យវរ្ម័នទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹតិ្តការណ៍ Gumball 3000 ដែលប្រជុំទៅដោយឡានទំនើបៗ។ ភាពចម្រូងចម្រាសមានការវែកញែកពីសាធារណជនបន្ទាប់ពីលោកឧកញ៉ា លាង ពៅ លើកដៃសំពះនិងមានបំណងចាប់ដៃទៅកាន់ឧកញ៉ា ខេមរៈ សិរីមន្ត តែមិនបានឆ្លើយតបវិញដោយសារតែស្ថិតក្នុងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧។
គួរបញ្ជាក់ថា កម្មវិធី ស្នាមញញឹមនៃកម្ពុជា ដែលរៀបចំជាលើកទី២នេះគឺប្រព្រឹត្តទៅនៅថ្ងៃទី២៩ ៣០ តុលា ជាមួយនឹងផ្ទាំងទស្សនីយភាពនៃក្បួនដង្ហែព្រះមហាក្សត្រសម័យអង្គរ ដែលមានវត្តមានសិល្បករសិល្បការិនីចំនួន៥០០នាក់ចូលរួម៕