សហរដ្ឋអាមេរិក ៖ យើងបានជ្រាបហើយថា ឧស្ម័នផ្ទះកញ្ចក់ ជាពិសេស ឧស្ម័នកាបូននឹងធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើងខ្ពស់ ។ អង្គការសហប្រជាជាតិ (UN) ទើបតែប្រកាសថា បើប្រទេសនានានៅតែពុំដោះស្រាយបញ្ហាពិភពលោកក្តៅទេនោះ វានឹងធ្វើឱ្យសីតុណ្ហភាពជាមធ្យមលើពិភពលោក កើនឡើងរហូតដល់៣,១អង្សារសេ និងកើនឡើងលើសកម្រិតការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម ។.png)
នៅពេលសីតុណ្ហភាពលើពិភពលោកកើនឡើងខ្ពស់នឹងធ្វើឱ្យប្រទេសនានារងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការបង្កបង្កើនផលដំណាំនៅគ្រប់តំបន់ ។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន CBS News រាយការណ៍ថា និស្សិតមកពី University of California, Berkeley នៅសហរដ្ឋអាមេរិក បានបង្កើតម្សៅពណ៌លឿងពិសេស ដែលអាចស្រូបយកឧស្ម័នកាបូនចេញពីខ្យល់បាន ។ អ្នកស្រាវជ្រាវបញ្ជាក់ថា វាអាចក្លាយជាកូនសោរដ៏សំខាន់ដែលធ្វើឱ្យមនុស្សអាចតស៊ូជាមួយបញ្ហាពិភពលោកក្តៅ ។
លោក ជីវវ៉ូ ចូ (Zihou Zhou) ជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ ផ្នែកគីមីនៅ University of California, Berkeley សហរដ្ឋអាមេរិក បានបោះពុម្ពលទ្ធផលការស្រាវជ្រាវពីការកាត់បន្ថយកំដៅផែនដី ក្នុងទស្សនាវដ្តី Nature ដែលមានខ្លឹមសារថា ពេលខ្យល់ផ្ទុកឧស្ម័នកាបូនឆ្លងកាត់តម្រងមានម្សៅពណ៌លឿងនេះ នឹងធ្វើឱ្យកម្រិតឧស្ម័នកាបូនធ្លាក់ចុះមកស្មើសូន្យភ្លាមៗ ។
សារធាតុនៅក្នុងម្សៅពណ៌លឿងនេះ គឺជាសមាសធាតុគីមីមានឈ្មោះថា (Covalent Organic Framework / COF) ។ រីឯវិធីសាកល្បង គឺលោក ជីវវ៉ូ ចូ បានស្រូបយកឧស្ម័នផ្សេងៗចូលក្នុងតម្រង ដូចជា ៖ នីដ្រូជែន, អុកស៊ីសែន និងកាបូនឌីអុកស៊ីត បន្ទាប់មក ខ្យល់ដែលឆ្លងកាត់តម្រង វានឹងលេចឡើងនៅខាងក្រៅបន្ទប់ពិសោធន៍ ។ ខ្យល់ដែលភាយចេញទៅក្រៅនេះ ត្រូវបានស្រូបយកឧស្ម័នកាបូនរួចអស់ហើយ ។.png)
ម្សៅពិសេសនេះអាចប្រើប្រាស់បានរាប់រយដងឯណោះ ហើយអ្នកស្រាវជ្រាវ ព្រមទាំងសាស្ត្រាចារ្យមានតួនាទីជាទីប្រឹក្សាមកពី University of California, Berkeley មានគម្រោងយកម្សៅពិសេសទៅប្រើប្រាស់ក្នុងផ្នែកឧស្សាហកម្ម ដូចជា ៖ រោងចក្រផ្សេងៗ ។ ពួកគេចាត់ទុកថា នេះជាគន្លឹះថ្មីមួយជួយឱ្យពិភពលោក អាចដោះស្រាយបញ្ហាការឡើងកំដៅដោយសន្សឹមៗ ៕










