ប្រទេសឥណ្ឌា ៖ North Sentinel Island គឺជាកោះមួយក្នុងចំណោមប្រជុំកោះ Andaman នៅឈូងសមុទ្របេងហ្គាល់ភាគខាងជើងមហាសមុទ្រឥណ្ឌា និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌា ។ កោះនេះមានឆ្នេរខ្សាច់ពណ៌ស និងហ៊ុព័ទ្ធដោយទឹកសមុទ្រពណ៌ខៀវថ្លា ដែលនៅបាតសមុទ្រមានផ្កាថ្ម និងសត្វសមុទ្រជាច្រើនប្រភេទ ។.png)
ទេសភាពនៅជុំវិញកោះស្រស់ស្អាតយ៉ាងខ្លាំង និងប្រៀបដូចជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់គូស្វាមី-ភរិយាទើបតែរៀបការថ្មីៗមក Honeymoon ។ ប៉ុន្តែកោះនេះបានក្លាយជាតំបន់គ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ រហូតដល់មានបម្រាមហាមភ្ញៀវទេសចរចូលក្បែរកោះទៀតផង ដោយសារកោះនេះជាកន្លែងរស់នៅរបស់ជនជាតិ Sentinel ហើយគេបានដាក់ឈ្មោះជនជាតិនេះថា «ក្រុមកុលសម្ព័ន្ធគ្រោះថ្នាក់បំផុតលើពិភពលោក» ។

ក្រុមកុលសម្ព័ន្ធ Sentinel ស្ថិតក្នុងចំនួនក្រុមកុលសម្ព័ន្ធតិចតួចប៉ុណ្ណោះលើពិភពលោក ដែលគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ ។ ពួកគេរស់នៅដោយឯកោបំផុត, បដិសេធទទួលយកការរីកចម្រើនពីពិភពខាងក្រៅ និងជាក្រុមកុលសម្ព័ន្ធមានគ្រោះថ្នាក់បំផុត ។ ពួកគេនិយាយភាសារបស់ខ្លួន ដែលមនុស្សផ្សេងស្តាប់មិនយល់ ទើបធ្វើឱ្យការស្រាវជ្រាវពាក់ព័ន្ធនឹងក្រុមកុលសម្ព័ន្ធនេះមានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយគ្មានឯកសារបញ្ជាក់ថា តើក្រុមកុលសម្ព័ន្ធមានចំនួនប៉ុន្មាននាក់រស់នៅលើកោះ? តើពួកគេហៅខ្លួនឯងថាអ្វី?.png)
ពួកកុលសម្ព័ន្ធទាំងនេះប្រុងប្រយ័ត្នខ្លួនជានិច្ចពេលឃើញភ្ញៀវទេសចរមកលេងកោះ ដោយសារពួកគេគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅសោះ ។ ភ្ញៀវទេសចរភាគច្រើនដឹងថា ពួកកុលសម្ព័ន្ធមិនចង់រាប់អាន ឬស្វាគមន៍មនុស្សប្លែកមុខទេ ពីព្រោះកន្លងមក ភ្ញៀវទេសចរ ឬអ្នករស់នៅក្រៅកោះបានព្យាយាមទំនាក់ទំនងជាមួយពួកគេជាច្រើនលើក ប៉ុន្តែទទួលឆ្លើយតបវិញគួរឱ្យភ័យខ្លាច ។
ហេតុនេះ ការមកកម្សាន្តនៅ North Sentinel ត្រូវបានចាត់ទុកថា ខុសច្បាប់ ហើយរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ភ្ញៀវទេសចរ ឬអ្នកស្រាវជ្រាវធ្វើដំណើរមកជុំវិញកោះនេះប្រមាណ៩គីឡូម៉ែត្រ ដោយសារខ្លាចមានគ្រោះថ្នាក់ ។ រដ្ឋាភិបាលឥណ្ឌាបានព្យាយាមទាក់ទងចងសម្ព័ន្ធភាពជាមួយពួកគេតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ប៉ុន្តែគ្មានការឆ្លើយតបឡើយ ទើបរដ្ឋាភិបាលឥណ្ឌាបញ្ជូនផ្លែដូង, តុក្កតា និងភួយដណ្តប់ទៅឱ្យពួកគេ ដោយដាក់នៅលើឆ្នេរខ្សាច់ ។
.png)
គួរបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធរស់នៅលើកោះ North Sentinel បានធ្វើដំណើរមកពីទ្វីបអាហ្វ្រិក និងនាំគ្នាមករស់នៅកោះនេះអស់រយៈពេលជាង៦ម៉ឺនឆ្នាំ ។ រីឯចំនួនក្រុមកុលសម្ព័ន្ធគ្មានឯកសារបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែគេសន្និដ្ឋានថា អាចមានចាប់ពី៣០០នាក់ ទៅ៥០០នាក់ ៕










