តារាចម្រៀងរ៉េប វណ្ណដា និងអ្នកមានគុណទាំងទ្វេរួមទាំងសាច់ញាត្តិផ្សេងទៀតបានធ្វើឱ្យមហាជនកោតសរសើរថាក្រុមគ្រួសាររបស់លោកធ្វើខ្លួនយ៉ាងសាមញ្ញអំឡុងពេលចូលរួមពិធីបុណ្យកឋិនទាននៅស្រុកស្អាងខេត្តកណ្តាល។ វត្តមានរបស់ វណ្ណដា បានធ្វើឱ្យអ្នកទៅចូលរួមបុណ្យកឋិននៅទីនោះជាពិសេសក្មេងៗគឺមានចិត្តស្រលាញ់ វណ្ណដា យ៉ាងខ្លាំង។
កាលពីថ្ងៃទី២៨ ខែតុលា នៅលើបណ្តាញសង្គមនានាគេបានឃើញមានការចែករំលែកវីដេអូជាច្រើនឃើញមានហ្វេនៗនិងកុមារាកុមារី ចោមរោម វណ្ណដា យ៉ាងច្រើនកុះករនៅពេលលោកនិងក្រុមគ្រួសារទៅបុណ្យកឋិនទាននៅឯវត្ត។ នៅលើបណ្តាញសង្គមរបស់ វណ្ណដា ផ្ទាល់ក៏បានបង្ហោះនៅយប់ថ្ងៃដដែលជាមួយរូបភាព៣សន្លឹកនិងអមដោយចំណងជើងថា «កឋិនវត្តជម្ពូវ័ន(ហៅវត្តថ្មី) ស្រុកស្អាង ខេត្តកណ្តាល សូមជូនបុណ្យពុកម៉ែបងប្អូនជុំវិញពិភពលោក»។

ភាពសាមញ្ញរបស់ វណ្ណដា គឺទទួលបានការសរសើរយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម។ អ្នកដែលបានទៅបុណ្យកឋិននៅទីនោះផ្ទាល់ក៏មានការចែករំលែកនៅលើបណ្តាញសង្គមដែរថា វណ្ណដា និងក្រុមគ្រួសាររបស់គាត់មើលទៅសាមញ្ញ។ នេះមិនមែនជាលើកទី១នោះទេដែល វណ្ណដា មានវត្តមានជាមួយអ្នកមានគុណបានទៅវត្តធ្វើបុណ្យរួមគ្នា ជារឿយៗ វណ្ណដា បានរំលេចខ្លួនយ៉ាងសាមញ្ញធ្វើឱ្យមានការកោតសរសើរពី វណ្ណដា ជាច្រើន។
ថ្មីៗមកនេះ វណ្ណដា ក៏បានធ្វើឱ្យទស្សនិកជនកោតសរសើរក្នុងគ្រាដែលតារាចម្រៀងល្បីឈ្មោះរូបនេះមិនភ្លេចមិត្តចាស់រួសរាយរាក់ទាក់ដាក់មិត្តចាស់ និងបណ្តើរមើលថែសង្សារយ៉ាងសាមញ្ញនៅលើផ្លូវសាធារណៈធ្វើឱ្យមានការចែករំលែកព្រោងព្រាត។
គួរបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ វណ្ណដា និងសិល្បករផ្សេងទៀតនឹងមានវត្តមាននៅក្នុងកម្មវិធី បើកការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕