បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី រួមទាំងសិល្បករសិល្បការិនីជាច្រើនរូបនឹងមានវត្តមានក្នុងកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅលើទឹកដីអង្គរ ខេត្តសៀមរាបចំនួនពីរថ្ងៃ។ សម្រាប់ទេសចរជាតិនិងអន្តរជាតិដែលចូលរួមក្នុងកម្មវិធីនេះស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរនឹងទទួលបានភេសជ្ជៈនិងអាហារនៅទីនោះដោយឥតគិតថ្លៃ។ នេះជាលើកទី២ហើយសម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមកម្មវិធីជាតិនេះខណៈលើកមុននាងបានធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីនាំទេសចរបរទេសរាំរបាំគោះអង្រែ។
ក្រោមការរៀបចំផ្តួចផ្តើមរបស់សមាគមសិល្បករខ្មែរដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានបានធ្វើឱ្យខេត្តសៀមរាបមានកម្មវិធីម្តងទៀតឈ្មោះថា «ស្នាមញញឹមនៃកម្ពុជា» បន្ទាប់ពីលើកទី១នៅក្នុងខែសីហា ។ ជាមួយនឹងការរៀបចំលើកទី២នេះគឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ៣០ តុលា ឆ្នាំ២០២៤ នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាបក្រោមការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនរយនាក់។
ក្នុងនោះវត្តមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ដែលជាបវរកញ្ញាល្បីប្រចាំប្រទេសកម្ពុជាក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ។ មែនទែនទៅ សម្រាប់កម្មវិធីជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានមុខនាងញឹកញាប់ហើយកាលពីកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» លើកទី១ រូបនាងក៏មានវត្តមានដែរ។ គេចាំបានថា កាលគ្រានោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យហ្វេនៗនិងសាធារណជនមានការចាប់អារម្មណ៍បន្ទាប់ពីបាននាំទេសចរបរទេសដ៏ស្រស់សង្ហាម្នាក់រាំរបាំគោះអង្រែ ខណៈនាងស្ថិតនៅឈុតប្រពៃណីខ្មែរយ៉ាងសមសួន។.png)
សម្រាប់ ប៊ី សុធារី វិញគឺជាលើកទី១សម្រាប់នាងក្នុងការចូលរួម «ស្នាមញញឹមនៃកម្ពុជា» លើកទី២នេះ។
«ស្នាមញញឹមនៃកម្ពុជា» លើកទី២នេះគឺកាន់តែពិសេសជាងលើកមុនទៅទៀតសម្រាប់ទេសចរជាតិនិងអន្តរជាតិចូលរួមហើយស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរនឹងទទួលបានអាហារនិងភេសជ្ជៈនៅទីនោះដោយឥតគិតថ្លៃ។ អ្វីដែលកាន់តែពិសេសលោកអ្នកនឹងបានឃើញទស្សនីយភាពនៃក្បួនដង្ហែព្រះមហាក្សត្រសម័យអង្គរ ដែលនឹងមានវត្តមានសិល្បករសិល្បការិនីចំនួន៥០០នាក់ចូលរួម។
គោលដៅនៃកម្មវិធីនេះគឺរួមគ្នាលើកស្ទួយតំបន់ទេសចរណ៍ក៏ដូចជាបង្ហាញវប្បធម៌អរិយធម៌ដ៏ផូរផង់របស់ខ្មែរទៅកាន់ពិភពលោកផងដែរ៕










