រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកា ដោយបានកាត់បន្ថយពី៣៨ ៨២៩ពាន់លានរៀល ឬស្មើបនឹង៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ មកសល់ត្រឹមតែប្រមាណជា ៣៧ ៩៥០ ពាន់លានរៀល ឬស្មើនឹង៩.៣២ ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ ២០២៥។
សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលថវិកាសម្រាប់ឆ្នាំ២០២៥ ស្មើនឹង ១៨,១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នឹងត្រូដាក់ឆ្លងរដ្ឋសភាជាតិ រួច រួចត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាព ដើម្បីពិនិត្យ និងអនុម័ត និងចុងក្រោយ បញ្ចូនទៅស្នើសុំសច្ចាប័នពីព្រះមហាក្សត្រ៕