ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសយានដ្ឋានដនមឿងនៅទីក្រុងបាងកក បានប្រកាសឱ្យអ្នកដំណើរត្រៀមខ្លួន ចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុនពេលធ្វើដំណើរ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។ ហេតុនេះ ការមកដល់អាកាសយានដ្ឋានមុនម៉ោង គឺអ្នកដំណើរនឹងពុំខកខានការធ្វើដំណើរ ។
ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ បានធ្វើឱ្យមានទឹកលិចនៅតំបន់មួយចំនួន និងស្ទះចរាចរណ៍តាមផ្លូវ ។ លើសពីនេះ ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចុងសប្តាហ៍ កាន់តែធ្វើឱ្យស្ទះចរាចរណ៍ខ្លាំងថែមទៀត ទើបអាកាសយានដ្ឋានដនមឿងប្រកាសថា នៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងបរិវេណរបស់អាកាសយានដ្ឋានដនមឿង មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចជាច្រើនកន្លែង ។
វាធ្វើឱ្យការធ្វើចរាចរនៅបរិវេណអាកាសយានដ្ឋានដនមឿងស្ទះយ៉ាងខ្លាំង ហើយដើម្បីការពារកុំឱ្យអ្នកដំណើរខកខានជើងហោះហើរ ខាងអាកាសយានដ្ឋានដនមឿង សូមឱ្យអ្នកដំណើរទាំងអស់មកដល់អាកាសយានដ្ឋានមុនពេលវេលាកំណត់ គឺចាប់ពី៣ម៉ោង ទៅ៤ម៉ោងមុន ដើម្បីត្រៀមខ្លួន Check-in ។.png)
ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមថៃបានប្រកាសពីអាកាសធាតុប្រែប្រួល និងប៉ះពាល់ដល់ប្រទេសថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដោយសារសម្ពាធខ្យល់ខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិនបានគ្របដណ្តប់លើតំបន់ភាគខាងជើង, ភាគឦសាន និងសមុទ្រចិនខាងត្បូង ។ វាបណ្តាលឱ្យមានខ្យល់ពីភាគខាងកើត និងភាគអាគ្នេយ៍ ដោយនាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃមកគ្របដណ្តប់លើប្រទេសថៃ ។
ដូច្នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបន្ថែមទៀត ហើយភ្នាក់ងារឧតុនិយមបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលនេះ អាចមានទឹកជំនន់ហូរមកពីតំបន់ព្រៃភ្នំភ្លាមៗ ជាពិសេស នៅតំបន់ជើងភ្នំដែលមានទឹកហូរឆ្លងកាត់ និងតំបន់ទំនាប ។
លើសពីនេះ ពលរដ្ឋគួរតែចៀសវាងស្ថិតនៅកណ្តាលវាល, ឈរក្រោមដើមឈើធំៗ និងឈរក្រោមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងថែទាំសុខភាពផងដែរ ដោយសារអាកាសធាតុប្រែប្រួលខ្លាំង ៕










