ប្រទេសចិន៖ iPhone 16 បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ដែលការលក់រយៈពេល ៣ សប្តាហ៍ដំបូងនេះគឺបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២០% បើប្រៀបធៀបទៅនឹង iPhone 15 ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា បន្ទាប់ពីដាក់លក់ទូរស័ព្ទ iPhone 16 នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងប្រទេសចិនកន្លងទៅ ឃើញថាមានការលក់ដាច់អស់ជាបន្តបន្ទាប់។
ដូច្នេះក្នុងចំណោមម៉ូដែលទាំង ៤ iPhone 16 Pro និង 16 Pro Max គឺមានប្រជាប្រិយភាពបំផុត ជាមួយនឹងការកើនឡើង ៤៤% បើប្រៀបធៀបទៅនឹងកំណែរៀងៗខ្លួនកាលពីឆ្នាំមុន។ អ្នកវិភាគ Counterpoint Research លោក Ivan Lam ជឿជាក់ថា កត្តាដែលជួយឱ្យ iPhone 16 ទទួលបានការលក់ខ្ពស់ជាង iPhone 15 គឺទាក់ទងនឹងបញ្ហាផលិតកម្ម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានជួបប្រទះនឹងការលំបាកជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ iPhone 15 ដែលបណ្តាលឱ្យចំនួននៃការនាំចេញទាបជាងការគ្រោងទុក និងមិនអាចបំពេញតម្រូវការដំបូងនៅក្នុងប្រទេសចិននោះទេ។.png)
លើសពីនេះ Mate 60 ដែលជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់បន្ទះឈីបផលិតដោយខ្លួនឯង ក៏ចេញលក់ដំណាលគ្នានឹង iPhone 15 ដែរ ដែលនេះគឺបានធ្វើឱ្យប៉ះពាល់ដល់ការលក់ iPhone 15 យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ទោះបីជាការចាប់ផ្តើមលក់ iPhone 16 នៅចុងឆ្នាំនេះទទួលសញ្ញាវិជ្ជមានខ្លាំងក៏ដោយ ក៏ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បាននិយាយថា iPhone 16 នៅតែប្រឈមមុខនឹងគូប្រជែងធំៗជាច្រើន។
ជាពិសេស Vivo ទើបតែបានប្រកាសចេញនូវស្មាតហ្វូនស៊េរីខ្ពស់ X200 Pro ហើយក្រុមហ៊ុន Huawei ក៏ត្រូវបានគេរំពឹងថានឹងបញ្ចេញ Mate ជំនាន់ក្រោយនៅក្នុងខែវិច្ឆិកាផងដែរ ខណៈ Xiaomi និង Oppo ក៏ហៀបនឹងដាក់បង្ហាញផលិតផលស្មាតហ្វូនរបស់ពួកគេទៀតផង។ គួរបញ្ជាក់ដែរថា ការលក់ iPhone 16 គឺពិតជាបានកើនឡើងមែន ប៉ុន្តែការលក់ iPhone សរុបទាំងអស់នៅក្នុងប្រទេសចិនរយៈពេល ៣ សប្តាហ៍ដំបូងចាប់ពីថ្ងៃទី ២០ ខែកញ្ញាគឺបានធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីបណ្តាញ Mate និង Pura របស់ក្រុមហ៊ុន Huawei ៕










