ប្រទេសថៃ ៖ វាជាបាតុភូតចម្លែកយ៉ាងខ្លាំង ដោយប្រទេសថៃបានប្រទះឃើញសត្វចម្លែកមានរូបរាងស្រដៀងម្ជុល និងដងខ្លួនពណ៌សថ្លា នៅពាសពេញឆ្នេរសមុទ្រក្នុងខេត្តប្រាជួបស៊ិរិខាន់ ។ អាជ្ញាធរបានប្រកាសទៅអាណាព្យាបាលទាំងអស់ ហាមកូនចៅចុះលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ ពីព្រោះនឹងបណ្តាលឱ្យកូនមានរបួ.ស ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានសត្វចម្លែកយ៉ាងច្រើននៅឆ្នេរសមុទ្រប្រានបុរី ស្ថិតនៅឃុំប៉ាកណាមប្រាន ស្រុកប្រានបុរី ខេត្តប្រាជួបស៊ិរិខាន់ ។ អាជ្ញាធរពុំដឹងថា វាជាសត្វអ្វីទេ គឺវាមានរូបរាងស្រដៀងម្ជុលដេរ ឬស្រដៀងឆ្អឹងត្រី និងមានដងខ្លួនពណ៌សថ្លា ប្រវែងប្រមាណ១សង់ទីម៉ែត្រ ។
រលកសមុទ្របានបោកបក់សត្វទាំងនេះមកលើឆ្នេរសមុទ្រ ដែលមានប្រវែងរហូតដល់ជាង៥គីឡូម៉ែត្រ ។ អ្នកស្រុកម្នាក់ដែលប្រកបមុខរបរជួលកៅអីឱ្យភ្ញៀវទេសចរអង្គុយនៅឆ្នេរសមុទ្រ ប្រាប់ថា ខ្លួនរកស៊ីនៅទីនេះអស់រយៈពេលជាង១០ឆ្នាំហើយ ប៉ុន្តែពុំធ្លាប់ឃើញសត្វប្រភេទនេះទេ ។.jpg)
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Noey Varinya» បានបង្ហោះវីដេអូសត្វទាំងនេះ និងសរសេរថា ក្រោយពីខ្លួនជាមួយមិត្តភក្តិបានលេង Kiteboarding ក្នុងទឹកសមុទ្ររួចហើយ ក៏នាំគ្នាដើរតាមឆ្នេរខ្សាច់ ស្រាប់តែឃើញសត្វរាងម្ជុលជាប់ពេញសម្លៀកបំពាក់ និងចាក់ទម្លុះចូលសាច់ ។ ពេលនោះ ពួកខ្លួនក៏ជួយគ្នាចាប់វាចេញ ហើយក្នុងទឹកសមុទ្រនៅមានសត្វទាំងនេះច្រើនទៀត ។
អ្នកលេងហ្វេសប៊ុករូបនេះក៏បានសាកសួរទៅហ្វេសប៊ុកផេកមួយ ហើយសមាជិកផេកប្រាប់ថា វាជាសំបកខ្យងសមុទ្រប្រភេទ Creseis ។ ខ្យងទាំងនេះមានរូបរាងថ្លាៗ ហើយវាស្ថិតក្នុងក្រុម Pteropod ដែលតែងតែរស់នៅជាហ្វូង ។ ពេលខ្លះ សំបកខ្យងនេះក៏ជាប់ជាមួយឈុតហែលទឹក ទើបមនុស្សគ្រប់គ្នាគិតថា គឺជាសត្វសមុទ្រមានពិស ។.jpg)
រីឯលោក Atthawut Trinai ជាគ្រូបង្ហាត់ Kiteboarding និយាយថា លោកពុំដឹងថា វាជាសត្វអ្វីទេ គឺមានរាងដូចបន្លា ឬម្ជុល ឬស្រដៀងឆ្អឹងត្រី និងមានពណ៌សថ្លា ។ លោកបានឃើញសត្វទាំងនេះជាច្រើនក្បាល តាំងពីថ្ងៃទី៧ ខែតុលា មកម៉្លេះ ហើយនៅថ្ងៃទី៨ ខែតុលា វាមានចំនួនកាន់តែច្រើន ។ វានឹងជាប់សម្លៀកបំពាក់ និងចាក់ជើងភ្ញៀវទេសចរពេលលេង Kiteboarding ។
លោកបន្តថា ពេលវាជាប់សម្លៀកបំពាក់ហើយ វានឹងចាក់ចូលក្នុងសាច់ធ្វើឱ្យឈឺតិចតួច ។ លោកពុំធ្លាប់ឃើញ ហើយពុំដឹងថា តើបណ្តាលមកពីមូលហេតុអ្វីទេ ទើបវានៅពាសពេញឆ្នេរ ។ ពេលស្វែងរកក្នុង Google ប្រាប់ថា គឺជាខ្យងសមុទ្រ ។
អាជ្ញាធរថៃបានផ្តាំផ្ញើទៅអាណាព្យាបាលទាំងអស់ ដែលនាំកូនមកលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ សូមប្រុងប្រយ័ត្នសុវត្ថិភាព ។ បើឃើញសត្វចម្លែកនៅលើឆ្នេរសមុទ្រ សូមកុំឱ្យកូនលេងទឹកឱ្យសោះ ពីព្រោះនឹងធ្វើឱ្យកូនរងរបួស ។ បាតុភូតចម្លែកនេះធ្លាប់កើតឡើងនៅខេត្តប្រាជួបស៊ិរិខាន់ ម្តងហើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ៕










