ល្បិចគេចវេសពីច្បាប់សមុទ្រអន្តរជាតិ ដើម្បីមានប្រៀបលើកម្ពុជា! បន្ទាប់ពីកម្ពុជាសម្រេចចិត្តរុញវិវាទដែនសមុទ្រទៅកាន់យន្តការអន្តរជាតិ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកែវកែវ បានចេញមុខចោទប្រកាន់ម្ដងហើយម្ដងទៀតថា ការជ្រើសរើសយកយន្តការសម្រុះសម្រួលជាកំហិត ក្រោមច្បាប់សមុទ្រ UNCLOS នេះ កំពុងធ្វើឲ្យការចរចារឿងព្រំដែនគោកត្រូវបានជាប់គាំង។ ដូច្នេះ បើកម្ពុជានៅតែបន្តជ្រើសរើសយកផ្លូវច្បាប់អន្តរជាតិ នោះភាគីថៃនឹងប្រើប្រាស់លេសនេះដើម្បីបិទផ្លូវចរចាព្រំដែនគោក ដែលវាមិនខុសអ្វីពីការដាក់លក្ខខណ្ឌបង្ខំឱ្យកម្ពុជាត្រូវតែរើសយកការចរចាទ្វេភាគីនោះឡើយ។

យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មាន THE STANDARD លោក សីហស័ក្តិ ភួងកែវកែវ បានព្យាយាមធ្វើជាបង្ហាញជំហរមិនបារម្ភចំពោះគម្រោងរបស់កម្ពុជា ក្នុងការដាក់លិខិតទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីទទួលស្គាល់ MOU ឆ្នាំ២០០០ នោះទេ។ ទោះជាយ៉ាងណា អ្វីដែលរដ្ឋាភិបាលថៃចង់ចង្អុលបង្ហាញ និងវាយប្រហារពិតប្រាកដ គឺការព្យាយាមទម្លាក់កំហុសផ្លូវចិត្ត មកលើកម្ពុជា ដោយចោទប្រកាន់ថា ចំណាត់ការផ្លូវច្បាប់សមុទ្រអន្តរជាតិរបស់កម្ពុជា កំពុងតែបំផ្លាញបរិយាកាសទ្វេភាគី និងធ្វើឱ្យកិច្ចព្រមព្រៀងព្រំដែនដីគោកត្រូវជួបភាពទាល់ច្រក។ យុទ្ធសាស្ត្រភ្ជាប់បញ្ហាផ្សេងគ្នាពីរមកដោះដូរនេះ គឺជាល្បិចការទូតដ៏មានឥទ្ធិពល ដើម្បីបង្ខំឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពទាល់ច្រក និងត្រូវសម្រេចចិត្តតាមការចង់បានរបស់ថៃ។

មូលហេតុពិតប្រាកដដែលថៃមិនចង់ចូលរួមដោះស្រាយបញ្ហាព្រំដែនសមុទ្រក្រោមនីតិវិធីចាប់បង្ខំនៃយន្តការ UNCLOS គឺដោយសារតែពួកគេដឹងខ្លួនថា នឹងត្រូវបាត់បង់អំណាចគ្រប់គ្រង និងបាត់បង់ប្រៀបលើលទ្ធផលចរចា។ នៅក្នុងការចរចាទ្វេភាគីធម្មតា ថៃដែលមានទំហំសេដ្ឋកិច្ច និងឥទ្ធិពលយោធាធំជាង អាចមានប្រៀប និងមានឱកាសប្រើប្រាស់សម្ពាធផ្សេងៗមកលើកម្ពុជាបានយ៉ាងងាយស្រួល។ ប៉ុន្តែ នៅពេលវិវាទនេះត្រូវរុញចូលទៅដល់យន្តការអន្តរជាតិ អ្វីៗគ្រប់យ៉ាងត្រូវដោះស្រាយដោយតម្លាភាព ផ្អែកលើខ្នាតគតិយុត្តិ និងច្បាប់សមុទ្រអន្តរជាតិសុទ្ធសាធ ដោយមានគណៈកម្មការសម្រុះសម្រួលជាភាគីទីបីចូលរួមដឹងឮ។ ត្រង់ចំណុចនេះ ថៃមិនអាចប្រើសម្ពាធណាមួយមកគំរាមកំហែងកម្ពុជាតាមចិត្តចង់បានទៀតឡើយ ទើបពួកគេព្យាយាមប្រើបញ្ហាព្រំដែនគោកធ្វើជាចំណាប់ខ្មាំងដើម្បីគាបសង្កត់កម្ពុជាវិញ។
.jpg)
ជារួមមក សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ គឺជាល្បិចការទូត និងសម្ពាធនយោបាយដ៏មុតស្រួចមួយ ដែលព្យាយាមដាក់លក្ខខណ្ឌគាបសង្កត់កម្ពុជា។ ថៃចង់ឱ្យកម្ពុជាបោះបង់យន្តការច្បាប់អន្តរជាតិដែលផ្តល់យុត្តិធម៌ស្មើភាព ហើយដើរត្រឡប់មកចូលក្នុងក្របខ័ណ្ឌចរចាទ្វេភាគីដែលថៃមានប្រៀបជាងវិញ ដោយយកបញ្ហាព្រំដែនគោកមកធ្វើជាលេសបិទបាំង។ នេះជាយុទ្ធសាស្ត្រ «ឌឺដងផង បង្វែរដានផង» ដែលភាគីកម្ពុជាត្រូវតែប្រុងប្រយ័ត្ន និងត្រៀមយុទ្ធសាស្ត្រតបតផ្នែកច្បាប់ឱ្យបានរឹងមាំបំផុត៕










