ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ទីក្រុងបាងកកបានប្រឈមនឹងខ្យល់កខ្វក់នៅលើបរិយាកាសកាន់តែខ្លាំង ជាក់ស្តែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កម្រិតធូលី PM 2.5 នៅទីក្រុងបាងកក បានកើនឡើងខ្ពស់លើសពីស្តង់ដារក្នុង១៦តំបន់ ។ អាជ្ញាធរក្រុងបាងកកប្រកាសថា បច្ចុប្បន្ន ស្ថានការណ៍ខ្យល់កខ្វក់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច និងចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ ។
ហ្វេសប៊ុកផេកក្រុងបាងកកបង្ហោះថា មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ប្រចាំក្រុងបាងកក បានបូកសរុបលទ្ធផលវាស់វែងកម្រិតធូលី PM 2.5 កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឃើញថា បរិមាណខ្យល់កខ្វក់នៅទីក្រុងបាងកក កើនឡើងខ្ពស់លើសពីស្តង់ដារ គឺស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ។ ខ្យល់កខ្វក់លើបរិយាកាសចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋដែលរស់នៅក្នុង១៦តំបន់ រួមមាន ៖
១-តំបន់ណងខែម
២-តំបន់សាំផាន់ថាវង្ស
៣-តំបន់សាថន
៤-សួនថាវីវ៉ាណារម្យ ខែតថាវីវឌ្ឍនា
៥-តំបន់ធុនបុរី
៦-តំបន់ផាស៊ីចារើន
៧-តំបន់បាងរ៉ាក់
៨-តំបន់បាងកកញ៉ៃ
៩-តំបន់បាងបន់
១០-តំបន់ឃ្លងសាន
១១-តំបន់បាងផ្លាត់
១២-តំបន់ថាវីវឌ្ឍនា
១៣-តំបន់ប៉ុមប្រាម សាក់ទ្រូវផាយ
១៤-តំបន់រ៉ាជប៊ូរ៉ាណៈ
១៥-តំបន់តាលីងឆាន់ និង
១៦-សួនថាណាក់បុរីរុំ ខែតធុងគ្រុ
អាជ្ញាធរក្រុងបាងកកបានណែនាំឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នសុខភាព ដូចជា ៖
-ពលរដ្ឋទូទៅ ៖ ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់បិទមុខការពារខ្យល់កខ្វក់គ្រប់ពេលចេញពីអគារ, កំណត់រយៈពេលធ្វើការងារ ឬហាត់ប្រាណនៅកណ្តាលថ្ងៃ ដែលបញ្ចេញកម្លាំងខ្លាំង ។ ពលរដ្ឋគួរតែសង្កេតរោគសញ្ញាខុសប្រក្រតី ដូចជា ៖ ក្អក, ពិបាកដកដង្ហើម និងរមាស់ភ្នែក ។
-ពលរដ្ឋរស់នៅតំបន់ខ្យល់កខ្វក់ ៖ ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់បិទមុខការពារខ្យល់កខ្វក់គ្រប់ពេលចេញពីអគារ, ចៀសវាងធ្វើការ ឬហាត់ប្រាណនៅកណ្តាលថ្ងៃ ដែលបញ្ចេញកម្លាំងខ្លាំង និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ បើមានរោគសញ្ញាខុសប្រក្រតីផ្សេងៗ ចូរប្រញាប់ទៅមន្ទីរពេទ្យ ។
ទីក្រុងបាងកកនឹងមានអាកាសធាតុមិនល្អ និងខ្យល់កខ្វក់ខ្លាំង ជាពិសេស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ហើយក៏មានភ្លៀងធ្លាក់គ្រប់ពេលវេលាផងដែរ ។ នៅភាគខាងត្បូងប្រទេសថៃចាប់ផ្តើមមានសម្ពាធខ្យល់ខ្ពស់ពីប្រទេសចិន ទើបធ្វើឱ្យខ្យល់ស្រទាប់លើសង្កត់ខ្យល់ស្រទាប់ក្រោម ។ ហេតុនេះ វាធ្វើឱ្យខ្យល់ពុលពុំអាចហោះឡើងលើបាន និងគ្មានការរបាយខ្យល់ ទើបខ្យល់ពុលប្រមូលផ្តុំនៅលើអាកាសកាន់តែច្រើន ។
ដោយឡែក តំបន់ភាគខាងជើងទីក្រុងបាងកក, តំបន់កណ្តាល និងតំបន់ខាងក្រោម ចាប់ផ្តើមមានកំដៅដោយសារការដុតក្នុងចម្ការ ។ ក្រៅពីនេះ ខ្យល់បក់ពីភាគឦសានបាននាំយកខ្យល់កខ្វក់ចូលមកទីក្រុងបាងកក ជាពិសេស នៅខាងលិចទីក្រុងមានខ្យល់កខ្វក់ខ្លាំង ៕