វៀតណាម៖ លោក Phan Tan Loc អាយុ ៨០ ឆ្នាំរស់នៅក្នុងប្រទេសវៀតណាម បាននិយាយថា អស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ លោកមិនដែលហូបបាយទាល់តែសោះ ពោលគឺលោកផឹកតែទឹកប្រភេទនេះជារៀងរាល់ថ្ងៃប៉ុណ្ណោះ។
យោងតាម Vnexpress លោកតាឡុកបច្ចុប្បន្ននៅតែមានសុខភាពល្អធម្មតា ដោយសារលោកតែងតែរក្សាទម្លាប់ផឹកតែផ្អែមពីរពែងជារៀងរាល់ថ្ងៃ ទោះបីមិនបរិភោគបាយក៏ដោយ។ ក្រៅពីផឹកតែផ្អែម លោកតាក៏មានទម្លាប់រស់នៅប្រកបដោយសុខភាពល្អផងដែរ។
លោកតា Phan Tan Loc បានផ្តល់បទសម្ភាសនៅក្នុងកាសែតវៀតណាមថា ជារៀងរាល់ថ្ងៃ លោកតាចូលសម្រាកម៉ោង ៨ យប់ហើយម៉ោង ១ យប់គឺលោកក្រោកពីគេងស្តាប់ធម៌ រហូតដល់ព្រឹកម៉ោង ៦ លោកតាតែងតែដើរហាត់ប្រាណជុំវិញផ្ទះយឺតៗជាប្រចាំ។ បន្ទាប់មកនៅពេលថ្ងៃត្រង់ និងល្ងាចគឺលោកតាអង្គុយមើលទេសភាពនៅខាងក្រៅផ្ទះ ជួបជុំបងប្អូន ក៏ដូចជាមើលទូរទស្សន៍ជាដើម។ កាលពីមុនលោកតាឡុកបរិភោគបាយជាធម្មតានោះទេ ប៉ុន្តែនៅពេលដែលលោកចូលវ័យ ៥០ ឆ្នាំជាងស្រាប់តែលែងឃ្លានបាយ រាល់ពេលទទួលបាយម្តងៗ គាត់តែងតែក្អួត។
ដូច្នេះលោកក៏ឈប់ហូបបាយអស់រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ ដោយប្តូរមកញ៉ាំចំណីផ្សេងៗដូចជា ដំឡូង ស្ករគ្រាប់ សណ្តែកដី តែផ្អែម សាច់ដូងស្ងួតជំនួសបាយទៅវិញ។ នេះមានន័យថាក្នុងរយៈពេលជិត ៣០ ឆ្នាំមកនេះលោកតាមិនហូបបាយទេ ប៉ុន្តែបរិភោគអាហារផ្សេងទៀតក្រៅពីបាយ។ ទោះជាយ៉ាងណានៅពេលលោកតាទៅពិនិត្យសុខភាពឃើញថា សម្ពាធឈាមរបស់គាត់មានស្ថេរភាពល្អ ហើយក្រពះ សួត បេះដូង ក៏ដូចជាសាចដុំនៃរាងកាយរបស់គាត់នៅតែមានសុខភាពល្អធម្មតា ដោយមិនមានផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីកើតឡើងលើលោកតានោះឡើយ។ 
គួរបញ្ជាក់ដែរថា លោកតា Phan Tan Loc បច្ចុប្បន្នមានអាយុ៨០ ឆ្នាំមានប្រពន្ធនិងកូនប្រុសស្រី ៥ នាក់ហើយពួកគេទទួលទានបាយធម្មតានោះទេ។ នេះបញ្ជាក់ថាទោះបីលោកតាមិនហូបបាយជិត ៣០ ឆ្នាំក៏ដោយ ក៏សុខភាពរាងកាយរបស់លោកនៅតែមានសុខភាពល្អធម្មតាដោយសារគុណភាពជីវិត៕










