ប្រទេសកូរ៉េខាងត្បូង ៖ នៅតាមផ្សារទំនើបនានាតែងតែមានកន្ត្រក ឬរទេះរុញសម្រាប់ឱ្យអតិថិជនដាក់អីវ៉ាន់ផ្សេងៗ ហើយអតិថិជនត្រូវរុញរទេះទៅកាន់ចំណុចនានាដោយខ្លួនឯង ។ បញ្ហាលំបាកក្នុងការលើក ឬរុញអីវ៉ាន់ចុះឡើងក្នុងផ្សារទំនើបបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងស្រាវជ្រាវបង្កើតរទេះដាក់អីវ៉ាន់ហោះ ដើម្បីជួយសម្រួលដល់អ្នកដើរផ្សារពុំចាំបាច់លំបាក គឺគ្រាន់តែបញ្ជាឱ្យវាធ្វើចលនាដោយស្វ័យប្រវត្តិ ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងសេអ៊ូល (Seoul National University of Science and Technology) ប្រទេសកូរ៉េខាងត្បូងបានស្រាវជ្រាវបង្កើតរទេះហោះសម្រាប់ដាក់អីវ៉ាន់ក្នុងផ្សារទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ រទេះនេះមានលក្ខណៈស្រដៀងនឹងរថយន្តហោះ ឬដ្រូន ដើម្បីឱ្យអតិថិជនងាយស្រួលដើរទិញអីវ៉ាន់ នាថ្ងៃអនាគត ។

រទេះដាក់អីវ៉ាន់អាចហោះបាននេះមានឈ្មោះថា «Palletrone» ហើយតាមការសាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា រទេះនេះអាចដាក់អីវ៉ាន់មិនលើសពី៣គីឡូក្រាម ។ ប៉ុន្តែភាពជោគជ័យរបស់ពួកគេ គឺវាមានរូបរាងដូចរទេះដាក់អីវ៉ាន់ក្នុងផ្សារទំនើបទូទៅដែរ ដោយអ្នកប្រើប្រាស់ត្រូវឈ្វេងយល់ពីរូបវិទ្យា, វិស្វកម្ម និងការគណនាកម្រិតខ្ពស់ ។ ក្រៅពីនេះ អតិថិជនអាចបញ្ជាឱ្យវាធ្វើចលនាចុះ-ឡើងតាមតម្រូវការ ដោយមានដៃចាប់សម្រាប់បញ្ជាទិសដៅ ។
អតិថិជនអាចគ្រប់គ្រងល្បឿន និងការបម្លាស់ទីរបស់រទេះដាក់អីវ៉ាន់ទៅកាន់ចំណុចគោលដៅ ដូចជា ៖ ការរុញ និងការបត់ឆ្វេង-ស្តាំ ។ លើសពីនេះ ពេលឡើង-ចុះជណ្តើរ រទេះនេះនឹងមិនហោះខ្ពស់ជាងកម្ពស់អ្នកប្រើប្រាស់ ឬហោះផ្អៀងខ្លាំងធ្វើឱ្យធ្លាក់អីវ៉ាន់ទេ ។
ការបង្កើតរទេះដាក់អីវ៉ាន់ Palletrone របស់ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី IEEE Robotics And Automation Letters នាពេលកន្លងមក ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា អតិថិជននឹងអាចប្រើប្រាស់រទេះដាក់អីវ៉ាន់ហោះនាពេលឆាប់ៗ ហើយនៅដើមខែតុលា ឆ្នាំ២០២៤នេះ ពួកគេកំពុងរកវិធីឱ្យ Palletrone អាចដាក់អីវ៉ាន់លើស៣គីឡូក្រាម ៕