ប្រទេសថៃ ៖ វាបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់មហាជនទូទៅ ក្រោយពីហ្វេសប៊ុកផេក «Miss Grand International» បានប្រកាសលុបចោលការធ្វើជាម្ចាស់ផ្ទះប្រកួត MGI 2024 នៅប្រទេសកម្ពុជា និងនាំបវរកញ្ញាចំនួន៧៣ប្រទេស ទៅប្រកួតបន្តនៅថៃ ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល (Nawat Itsaragrisil) ជាម្ចាស់កម្មវិធី MGI បាននាំបវរកញ្ញាចំនួន៧៣ប្រទេសធ្វើដំណើរមកប្រទេសថៃ ដើម្បីចូលរួមប្រកួត MGI 2024 បន្តទៀត ដោយមានអ្នកគាំទ្រ និងមនុស្សម្នាជាច្រើននាក់មកទទួលស្វាគមន៍នៅអាកាសយានដ្ឋាន ។
នៅល្ងាចថ្ងៃទី៨ ខែតុលា លោក ណាវ៉ាត់ បាននាំបវរកញ្ញាទាំងអស់ទៅស្រស់ស្រូបអាហារលើទូក «Meridian Cruise» នៅទន្លេចៅព្រះយ៉ា ។ ពេលនោះ លោក ណាវ៉ាត់ ក៏បាននិយាយពីមូលហេតុដែលលោកនាំបវរកញ្ញាទាំង៧៣ប្រទេសមកប្រកួតនៅថៃថា កម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International គ្មានស្តង់ដារ ទើបធ្វើឱ្យលោកខកបំណង និងខាតពេលវេលា ។

លោក ណាវ៉ាត់ និយាយថា ៖ «យើងស្គាល់កម្ពុជាតិចពេកហើយ ពីព្រោះបើមើលពីខាងក្រៅ យើងគិតថា កម្ពុជា ជាប្រទេសអ្នកមាន និងរៀបចំពិធីប្រកួតមានគុណភាព ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI ដោយសារមីយ៉ាន់ម៉ាមិនធ្វើជាម្ចាស់ផ្ទះ ទើបឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីព្រោះខ្ញុំបានធ្វើការជាមួយកម្ពុជា អស់រយៈពេល២ឆ្នាំហើយ ។ ប៉ុន្តែកម្ពុជាធ្វើមិនដូចអ្វីដែលខ្ញុំគិត ហើយពេលខ្ញុំស្នើសុំអ្វីបន្ថែម ម្ចាស់ផ្ទះមិនធ្វើតាមទេ ដោយនិយាយថា វាជាថ្ងៃឈប់សម្រាក គ្មានមនុស្សធ្វើការ» ។
លោកបន្តថា បើតាមទម្លាប់ បើបវរកញ្ញាធ្វើដំណើរមកដល់អាកាសយានដ្ឋាន គឺត្រូវតែមានការទាក់ទងគ្នានៅអាកាសយានដ្ឋាន ប៉ុន្តែនេះ បែរជាគ្មានអ្វីសោះ សូម្បីតែ Wi-Fi ។ លើសពីនេះ ពេលលោកសំណូមអ្វីទៅកម្ពុជា គឺកម្ពុជានិយាយថា នឹងធ្វើតាមលោក ប៉ុន្តែពេលវេលាមកដល់ កម្ពុជាពុំបានធ្វើអ្វីម្យ៉ាងសោះ ។ ហេតុអ្វីកម្ពុជាធ្វើពុំបាន? កម្ពុជាចូលចិត្តកុហក រហូតក្លាយជាទម្លាប់ ។
ពីដំបូងប្រាប់ថា នឹងមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍មកចូលរួម ប៉ុន្តែរហូតមកដល់ម៉ោង៤ល្ងាច រដ្ឋមន្ត្រីទេសចរណ៍ពុំបានមកទេ ។ ក្រៅពីនេះ កម្ពុជាប្រាប់ថា បន្តិចទៀតនឹងមានភ្ញៀវមកចូលរួមពិធី៤០០នាក់ ប៉ុន្តែភ្ញៀវមកជាក់ស្តែង គឺមានតែ២០នាក់ប៉ុណ្ណោះ ។ ម្ចាស់ផ្ទះនិយាយអួតរហូតថា ខ្លួនមាននេះ មាននោះ ប៉ុន្តែលោកសុំអ្វី ក៏មិនបានដែរ ហើយរៀបចំពិធីប្រកួតដូចពិធីរៀបការមិត្តភក្តិអីចឹង ។ ការរៀបចំពិធីនេះល្ងង់ខ្លាំងណាស់ គ្មានគំនិត និងគ្មានការទទួលខុសត្រូវ ហើយពិធីប្រកួតអត់សុវត្ថិភាពទៀត ។
លោកបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ បើចង់ជ្រើសរើសប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះ MGI ត្រូវតែគិតឱ្យបានច្បាស់លាស់ជាមុន ។ រីឯការរៀបចំប្រកួត MGI នៅប្រទេសថៃនេះ ពុំបាច់បារម្ភទេ ពីព្រោះថៃមិនព្រមលក់មុខទេ ។ លោកបន្ថែមថា បវរកញ្ញាទាំង៧៣ប្រទេសបានឡើងលើទូក២ជាន់នៅទន្លេចៅព្រះយ៉ា និងសប្បាយរីករាយគ្រប់គ្នាក្នុងការបរិភោគអាហារពិសេសៗយ៉ាងឆ្អែត ចំណុចសំខាន់ គឺបវរកញ្ញាទាំងអស់អាចបរិភោគអាហារថៃបានគ្រប់មុខ ៕










