សេចក្ដីអាណិតអាសូរ ចិត្តមេត្តា និងការចែករំលែក តែងតែស្ថិតនៅក្នុងផ្ដត់គំនិត ចិត្តបេះដូងរបស់ប្រជាពលរដ្ឋខ្មែរជានិច្ច មិនថាទោះជាសម័យអតីតកាល ឬបច្ចុប្បន្នកាលនោះទេ ដូច្នេះហើយទើបជនជាតិខ្មែរ ត្រូវបានគេចាត់ទុកថា ជាប្រជាជនដែលមានបេះដូងបរិសុទ្ធ ទឹកចិត្តធំទូលាយ ដូចគ្នាទៅនឹងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា «កម្ពុជាតូច តែបេះដូងធំ» ។

ដោយសារតែសេចក្ដីមេត្តា និងអាណិតអាសូរនេះហើយ ទើបបច្ចុប្បន្ន សង្កេតឃើញថា មានជនឱកាសនិយមមួយក្ដាប់តូចបានបង្កើតគំនិតបោកប្រាស់បន្លំ ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួនតាមរយៈ ការបង្កើតមេតិការស្វែងរកជំនួយ ឬមូលនិធិសប្បុរសធម៌ ក្រោមរូបភាពបង្ហាញពីទុក្ខលំបាករបស់ទុគត៌ជន នៅលើបណ្ដាញសង្គម អមជាមួយសំណេរខ្លឹមសារតម្អែតម្អូញគួរឱ្យអាណិត និងចុងក្រោយមិនភ្លេចភ្ជាប់សំនួនមួយឃ្លាថា «បើបងប្អូនអាណិតដល់រូបគាត់ សូមបរិច្ចាគទៅតាមសទ្ធាជ្រះថ្លាតាមរយៈ QR កូដ ខាងក្រោម…» ។
តើយើងគួរតែបរិច្ចា លុយកាក់តាមរយៈ QR កូដ ធនាគារដែរឬទេ?
ជាការពិតណាស់ បច្ចុប្បន្ននេះការទូទាត់កាន់តែលឿន និងងាយស្រួល តាមរយៈ QR កូដ របស់ធនាគារទាំងអស់នៅទូទាំងប្រទេស ដូច្នេះវាក៏កាន់តែបង្កភាពងាយស្រួលដែរ ដល់ក្រុមឱកាស និយម ដែលប្រើប្រាស់មធ្យោបាយខាងលើ ដើម្បីប្រព្រឹត្តិសកម្មភាពស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន ។
ការបរិច្ចាគនធានលុយកាក់ ទៅដល់អ្នកដែលខ្វះខាតពិតប្រាកដ តាមរយៈ QR ធនាគារ គឺជាមធ្យោបាយល្អ ប៉ុន្តែបងប្អូនសប្បុរសជនគប្បីត្រូវតែស្វែងយល់ពីប្រភពដែលទទួលលុយ ឱ្យបានច្បាស់ និងត្រូវប្រាកដថា សទ្ធារបស់បងប្អូននឹងទៅដល់គោលដៅពិតប្រាកដដែលបងប្អូនចង់ជួយ មិនមែនធ្លាក់ នៅក្នុងដៃជនឱកាសនិយមនោះទេ ។
KBN សង្ឃឹមថា អត្ថបទ វិចារណកថាខ្លី មួយនេះ នឹងក្លាយជាអត្ថបទជំនួយស្មារតី សម្រាប់បងប្អូន សម្បុរសជន មុននឹងបរិច្ចាគលុយកាត់តាមរយៈ QR កូដធនាគារ ត្រូវតែចេះបែងចែកឱ្យបានច្បាស់ រវាង បុគ្គលដែលជាអ្នកជួយសង្គមពិតប្រាកដ និងពួកឱកាសនិយម ព្រោះបច្ចុប្បន្ន សកម្មភាពបោកប្រាស់ ក្រោមរូបភាពស្វែងរកជំនួយសប្បុរសធម៌ជួយដល់ជនខ្វះខាតនេះមានច្រើនខ្លាំងណាស់នៅលើបណ្ដាញសង្គម ដូច្នេះសូមកុំឱ្យទឹកចិត្តសប្បុរសរបស់បងប្អូន ក្លាយជាឱកាសរបស់ជនខិលខូចទាំងអស់នោះ ៕










