យើងតែងតែឃើញផ្ទះភាគច្រើននិយមដាំដើមឈើហូបផ្លែទាំងនេះនៅក្បែរផ្ទះ ដើម្បីយកម្លប់ត្រជាក់ ចង់បានបរិស្ថានពណ៌បៃតង ថែមទាំងមានផ្លែស្រស់ៗបរិភោគ ។ ប៉ុន្តែការដាំដើមឈើមួយចំនួនក្បែរផ្ទះនាំមកនូវតែបញ្ហា ជាពិសេស ដាំនៅកន្លែងចង្អៀត ច្រកចូលផ្ទះ ចំណតរថយន្ត និងបរិវេណដែលប្រើប្រាស់ជាប្រចាំ ។.jpg)
បញ្ហាផ្សេងៗដោយសារការដាំដើមឈើនៅក្បែរផ្ទះ គឺមានច្រើន មិនថាសត្វល្អិត ភាពកខ្វក់ ក្លិន និងដុះឫសរំខាន ។ 
វាក៏ខុសហុងស៊ុយផងដែរ ពីព្រោះតាមក្បួនហុងស៊ុយជឿថា ប្រសិនបើច្រកចូលផ្ទះស្អាតស្រឡះល្អ មានពន្លឺថ្ងៃគ្រប់គ្រាន់ គឺជាការនាំមកនូវថាមពលល្អ ប៉ុន្តែការដាំដើមឈើហូបផ្លែមួយចំនួនក្បែរផ្ទះ នឹងនាំមកនូវសំណាងអាក្រក់ ។
តើមានដើមឈើហូបផ្លែអ្វីខ្លះដែលពុំគួរដាំនៅក្បែរផ្ទះ?
១-ដើមទុរេន ៖ ការដាំដើមទុរេននាំមកនូវបញ្ហាជាច្រើន មិនថាបាក់មែកសង្កត់បណ្តាលឱ្យគ្រោះថ្នាក់ ពីព្រោះជាដើមធំ មានមែកច្រើន និងកម្ពស់ខ្ពស់ ។ នៅពេលធំ វានឹងបាំងពន្លឺថ្ងៃ ធ្វើឱ្យបរិវេណមុខផ្ទះងងឹត ។

ម្យ៉ាងទៀត ផ្លែរបស់វាមានបន្លារឹង ប្រសិនបើធ្លាក់ចុះមកអាចធ្វើឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ ខូចខាតរថយន្ត និងទ្រព្យសម្បត្តិបាន ជាពិសេស ផ្ទះមានក្មេងតូចៗ ឬមានមនុស្សដើរឆ្លងកាត់ញឹកញាប់ ។ លើសពីនេះ ក្លិនផ្លែទុរេនទុំ នឹងទាក់ទាញស្រមោច និងសត្វល្អិតផ្សេងៗ ថែមទាំងជ្រុះស្លឹកយ៉ាងច្រើន ដែលទាមទារការថែទាំ និងសម្អាតជាប្រចាំ ។.jpg)
២-ដើមស្ពឺ ៖ ទោះបីជាដើមហូបផ្លែប្រភេទនេះផ្តល់ផលពេញមួយឆ្នាំ ប៉ុន្តែការដាំនៅមុខផ្ទះនាំឱ្យរំខានយ៉ាងខ្លាំង ជាពិសេស ពេលផ្លែវាទុំជ្រុះពេញដីបញ្ចេញក្លិនមិនសូវល្អ ព្រមទាំងទាក់ទាញសត្វល្អិតផ្សេងៗ ។

បើពុំបានបោសសម្អាតជាប្រចាំទេនោះ នៅខាងមុខផ្ទះអាចនឹងសើម រអិល កខ្វក់ ជាពិសេស រដូវវស្សា ។ វាថែមទាំងបែកមែកសាខាច្រើន បើមិនកាត់ចោលខ្លះៗ ក៏អាចបាំងពន្លឺថ្ងៃមុខផ្ទះដូចគ្នា ។
៣-ដើមខ្នុរ ៖ មិនគួរដាំខ្នុរនៅកន្លែងចង្អៀត ឬដាំនៅក្បែរផ្ទះឡើយ ពីព្រោះយូរទៅ នឹងចាក់ឫសពេញទីធ្លាទាំងអស់ ឬចាក់ឫសចូលក្រោមរបង ។
.jpg)
ក្រៅពីនេះ ពេលផ្លែខ្នុរទុំនឹងបញ្ចេញក្លិនខ្លាំងទាក់ទាញសត្វល្អិត ចេញជ័រពីដើម ពិបាកបោសសម្អាត ។ ហេតុនេះ មនុស្សភាគច្រើនដាំវានៅក្នុងចម្ការ ឬនៅក្រោយផ្ទះវិញ ដើម្បីចៀសវាងបញ្ហារំខាន និងបាត់បង់ភាពស្រស់ស្អាត ។
សរុបមក ការដាំដើមឈើហូបផ្លែក្បែរផ្ទះ មិនខុសអ្វីទេ ប៉ុន្តែគួរជ្រើសរើសប្រភេទដើមណាឱ្យសមស្របនឹងបរិវេណក្បែរផ្ទះ ជាពិសេស មុខផ្ទះសំខាន់ណាស់ គឺជាកន្លែងទទួលពន្លឺថ្ងៃ ទទួលខ្យល់ និងជាទិដ្ឋភាពបង្ហាញពីផ្ទះទាំងមូល ។
ការដាំដើមឈើទាំងនេះ គួរគិតពីទំហំដើម ឫស ការថែទាំ និងផលប៉ះពាល់រយៈពេលយូរសម្រាប់មនុស្សក្នុងផ្ទះ ឬប៉ះពាល់បរិស្ថាន ដើម្បីឱ្យផ្ទះលោកអ្នកគួរឱ្យចង់រស់នៅ ស្រស់ស្អាត និងសុវត្ថិភាព ៕










