ប្រៀបដូចជារឿងអភិនិហាមួយសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ខណៈបទចម្រៀងដែលទម្លាក់ជាង៥ខែមកហើយស្រាប់តែផ្ទុះកក្រើកលើទីផ្សារម្តងទៀត។ ការផ្ទុះបទចម្រៀង «សង្រ្កាន្តស្គាល់ស្នេហ៍» ឡើងវិញនេះបានទាក់ទាញការចូលលេងរាប់ម៉ឺននាក់ចាប់តាំងពីតារាល្បីៗនៅប្រទេសថៃ អ្នកបង្កើតមាតិកាល្បីៗនិងអ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនទៀតរហូតធ្លាយមកដល់អ្នកបង្កើតមាតិកាជាជនជាតិកូរ៉េម្នាក់ទៀតមានឈ្មោះថា Kejimin ក៏លេងបទ វណ្ណដា ដែរ។
ថ្ងៃទី២៨ ខែកញ្ញា នេះអ្នកគាំទ្រមានការចាប់អារម្មណ៍ទៅលើគណនីទិកតុកមួយឈ្មោះថា Kejimin ជាជនជាតិកូរ៉េដែលមានអ្នកតាមដានរហូតដល់ ១១.៨លាននាក់បានបង្ហោះវីដេអូមួយលេងបទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ មិនត្រឹមតែចូលលេងប៉ុណ្ណោះទេតែស្រីស្អាតរូបនេះបានបង្ហាញទង់ជាតិកម្ពុជានិងកូរ៉េខាងត្បូង ប៉ុន្តែបានដាក់ចំណងជើងជាភាសាថៃមានអត្ថន័យថា «សួស្តី»។ ការដាក់ចំណងជើងបែបនេះទំនងដោយសារតែបទនេះបានផ្ទុះកក្រើកខ្លាំងនៅក្នុងប្រទេសថៃ។
គួរឱ្យដឹងថា kejimin គឺជាអ្នកលេងទិកតុកល្បីម្នាក់ប្រចាំប្រទេសកូរ៉េមានអាយុ២៣ឆ្នាំ។ នាងក៏ជាអ្នករាំនិងជាតារាម៉ូដែលម្នាក់ផងដែរ។
បទ សង្រ្កាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ដែលផ្ទុះកក្រើកលើទិកតុកឡើងវិញនេះមានតារាល្បីៗដូចជាតារាសម្តែង Pinky Savika តួនាងថងឌីឆ្នាំ២០១២ បានច្រៀងផ្ទាល់តែម្តងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីមានដូចជា Mai davika លេងបទនេះចំនួន២ដង ហើយ Mint Chalida ក៏បានលេងផងដែរ។ ក្រៅពីតារាល្បីៗប៉ុន្មានដួងនេះតារាសម្តែង Faye Malison តួស្រីក្នុងប្រភេទរឿង GL គឺមានការពេញចិត្តពេញថ្លើមចំពោះវណ្ណដា ជាងគេតែម្តងសូម្បីតែLive ជជែកជាមួយអ្នកគាំទ្ររូបនាងក៏បានចាក់បទ វណ្ណដា ស្តាប់ផងដែរ។
នេះគឺជាលើកដំបូងហើយដែលបទរបស់ វណ្ណដា ផ្ទុះកក្រើកខ្លាំងយ៉ាងនេះនៅលើទិកតុកដូចនេះធ្លាយដល់ក្រៅប្រទេសបើទោះបទនេះបានចេញកាលពីចូលឆ្នាំខ្មែរមកម្ល៉េះ៕