ជាការពិតណាស់ ដូនតាខ្មែរយើងតែងមានជំនឿថា នៅក្នុងថ្ងៃបុណ្យកាន់បិណ្ឌដែលត្រូវនឹង ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃដែលឋាននរកបើកទ្វារប្រលែងពពួកប្រេ.តចេញ មករកចំណីអាហារ និងសំណែនពីសាច់ញាតិនៅតាមវត្តអារាម។
បើយោងតាមគម្ពីរសំយុត្តនិកាយ ដែលជាគម្ពីរក្នុងព្រះត្រៃបិដក បាននិទានថា ប្រេតមាន ១២ ប្រភេទ។ ប្រេតទាំងនោះ គឺមានរូបរាងអាក្រក់ផ្សេងៗពីគ្នា អាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក។ ប្រេតទាំង១២ប្រភេទនោះមានដូចតទៅ៖

១. វន្តាសប្រេត (ប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ) ។ ក្នុងតម្រាខ្មែរ ប្រេតនេះមាន ខ្លួនធំក្លិនខ្មួរ រូបរាងមិនល្អ ដំបៅពេញកាយ ហើយរាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។
២. កុណបាសប្រេត (ប្រេតស៊ីសាកសព)៖ ប្រេតនេះមានធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច និងខ្ទុះឈាម ហើយក៏អត់បាយរាប់កោដិឆ្នាំមកហើយដែរ។
៣. គូថខាទកប្រេត (ប្រេតស៊ីលាមក) ៖ ប្រេតនេះស៊ីតែលាមក ក្លិនស្អុយខ្មោះៗ តែងខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី។ កាលពីអតីតជាតិ ប្រេតនេះគឺជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
៤. អគ្គិជាលមុខប្រេត (ប្រេតដែលមានភ្លើងនៅក្នុងមាត់)៖ ប្រេតនេះ មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណទាំងយប់ថ្ងៃ តែងស្រែកយំ ហុយផ្សែង រលួយសុះសាច់ស្បែក។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ។
៥. សូចិមុខប្រេត (ប្រេតដែលមានមាត់ប៉ុនម្ជុល) ៖ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃភ្នំជ្រៅ ហើយតែងស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនជាមនុស្សដែលមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់។
៦. តណ្ហដ្តិតប្រេត (ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន) ៖ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារព្រោះស៊ីមិនបាន, ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។
៧. សុនិជ្ឈាមកប្រេត (ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ) ៖ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺមិនអាចស៊ីបានទេ មានមាត់ដុះកន្ទុយ វាច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះតែប្រព្រឹត្តិខ្លួនចង្រៃ។
៨. សត្ថង្គប្រេត (ប្រេតមានក្រចកដូចកាំបិត)៖ ជាប្រេតដែលស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ហើយខ្វេះ សាច់ខ្លួនឯងយកមកស៊ីជាអាហារ។ កាលពីអតីតជាតិជាមនុស្សដែលមានចិត្តកាចសាហាវ ប្រមាថ វាយដំអ្នកមានគុណ។
៩. បព្វតង្គប្រេត (ប្រេតមានកាយដូចភ្នំ)៖ មានភ្លើងឆេះរងំទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហារតែមិនស្លាប់ លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃភ្នំ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែក និងតាមព្យាបាទគេឯង។
១០. អជគរង្គប្រេត (ប្រេតមានកាយដូចពស់ថ្លាន់)៖ ប្រេតនេះមានខ្លួនជាពស់ថ្លាន់ និងក្បាលជាសត្វផ្សេងៗ ដូចជាខ្លា ឆ្មា ក្របីជាដើម និងច្រើនរស់នៅក្នុងព្រៃជ្រៅ ភ្នំ ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប៉ោឡែ មិនខ្លាចនិងប្រមាថដល់ ម៉ែ ឪ ជីដូន ជីតា និងសូម្បីព្រះសង្ឃ។
១១. វិមានកប្រេត (ប្រេតមានវិមាននៅ)៖ ប្រេតនេះ គេហៅថា យមរាជ ដៃកាន់អាវុធជាប់ជានិច្ច និងមានតួនាទីជាអ្នកវាយសួរចម្លើយ កាត់ទោស និងធ្វើទារុណកម្មប្រេតផ្សេងៗនាំឲ្យឈាមប្រឡាក់ពេញខ្លួន តែក៏ស្រេកឃ្លានអាហារដូចគ្នា។ កាលពីអតីតជាតិគឺជាមនុស្សដែលបុណ្យក៏ធ្វើ បាបក៏សាង។
១២. មហិទ្ធិកប្រេត (ប្រេតមានឫទ្ធិច្រើន) ៖ជាស្តេចនៃប្រេត មើលខុសត្រូវប្រេតទាំងឡាយ និងមានឫទ្ធិល្អស្មើទេព្តា មានគ្រឿងស្លៀកពាក់ល្អស្អាតក្រៃ ទាស់តែស្រេកឃ្លានអាហារ ។ កាលពីអតីតជាតិគឺជាព្រះសង្ឃដែលប្រមាថធម៌វិន័យក្នុងព្រះពុទ្ធសាសនា៕