ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែប្រាព្ធឡើងនៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។
បាយបិណ្ឌ ត្រូវបានរៀបចំឡើងដោយមានបាយដំណើបឆ្អិន ពួតជាដុំ លាយជាមួយដូង ចេក សណ្ដែក និងល្ង ដែលពុទ្ធបរិស័ទយកទៅវត្តអារាមនាវេលាម៉ោង ៤-៥ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅ។

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។
ពពួកប្រេតទាំងនេះ នឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសា។
ហេតុដូច្នេះ បានជាពុទ្ធបរិស័ទ តែងតែយកចង្ហាន់ប្រគេនព្រះសង្ឃ និងទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ៕