ជឿជាក់ថា ប្រជាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់ហើយ សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញបំផុតប្រចាំសតវត្សទី ២០ ដោយបានបន្សល់ទុកនូវស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរ និងទំនុកច្រៀង បទ នគរាជ ជាដើម។ យ៉ាងណាមិញ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះគឺជាគម្រប់ខួបលើកទី ៥៥ ឆ្នាំហើយនៃការចូលទិវង្គ.តរបស់ព្រះអង្គ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣ ពីត្រកូលកសិករនៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះអង្គបានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា។
សម្តេចព្រះសង្ឃរាជ បានចាប់ផ្តើមសិក្សារៀនសូត្រអក្សរសាស្ត្រពីសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាំងពីពេលមានព្រះជន្ម១២ព្រះវស្សាមកម្លេះ។
ព្រះអង្គ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ ដែលធ្វើឲ្យព្រះអង្គមានព្រះកិត្តិស័ព្ទល្បីល្បាញជាលំដាប់។ ម្យ៉ាងទៀតព្រះអង្គបានរៀនចេះភាសាផ្សេងៗ ទៀតជាច្រើន ដែលរួមមាន ភាសាថៃ ភាសាឡាវ ភាសាបារាំង អង់គ្លេស និងវៀតណាម។
សម្ដេចព្រះសង្ឃរាជ ជួន ណាត បានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនសន្ធឹកសន្ធាប់ ដោយទ្រង់បានកសាងគម្ពីរដីកាជាច្រើនទាំងគម្ពីរស្លឹករឹត និងគម្ពីរជាសៀវភៅ ជាពិសេស គឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីសម្រាប់ឲ្យពុទ្ធបរិស័ទបានសិក្សារៀនសូត្រ។ សៀវភៅទាំងនោះរួមមាន៖ វចនានុក្រមខ្មែរ មានពីរភាគ ហើយត្រូវបានគេបោះពុម្ពផ្សាយជាច្រើនលើករួចមកហើយរហូតមកដល់សព្វថ្ងៃ។ សៀវភៅកច្ចាយនូបត្ថម្ភកៈ ឬវេយ្យាករណ៍បាលីមានចំនួនពីរភាគ, សៀវភៅ គិហិបដិបត្តិ សៀវភៅសាមណេរវិន័យ បាតិមោក្ខសំវារៈសង្ខេប កាព្យលោកធម៌។ល។
បន្ថែមពីនេះទៀត ព្រះអង្គក៏បានតែងជាសុភមង្គលភាសាបាលីបឋ្យាវគ្គ ៧ គាថា ព្រមទាំងប្រែជាសម្រាយសម្រាប់សូត្រថ្វាយសុភមង្គលព្រះមហាក្សត្រ។ ព្រះអង្គក៏បានតែងអត្ថបទផ្សេងៗ ជាច្រើនទៀត នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ ១៩២៦ ហើយនៅមានអត្ថបទធម៌ផ្សេងៗ ដែលចុះនៅក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
ជាពិសេស ស្នាព្រះហស្តដែលរំលឹកឃើញរាល់ថ្ងៃ គឺព្រះរាជនិពន្ធបទ «នគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ព្រះរាជនិពន្ធពីថ្ងៃទី២០ កក្កដា ១៩៤១ និងបទសរភញ្ញ ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០ ។
គួបញ្ជាក់ថា បើទោះបីជាព្រះអង្គបានយាងទៅកាន់ឋានបរលោកជាយូរណាស់មកហើយក្តី ប៉ុន្តែរាល់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ នូវតែដក់ជាប់នូវក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ និងមានការគោរពស្ញប់ស្ញែងជានិច្ច ដោយហេតុថាស្នាព្រះហស្តទាំងនេះ សុទ្ធសឹងតែមានសារៈសំខាន់ និងមានប្រយោជន៍ទាំងផ្លូវលោក និងផ្លូវធម៌ដល់មនុស្សជំនាន់ក្រោយៗ៕