ទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងសេចក្តីរំភើបជាខ្លាំងបន្ទាប់ពីឃើញយុវតី លី មួយលាង ទទួលបានរង្វាន់ជាឡាន១គ្រឿងជាមួយនឹងទឹកប្រាក់បន្ថែម៥ម៉ឺនដុល្លារទៀតពីខាងស្ថាប័នអន្តរជាតិ។ អ្នកមួយចំនួនក៏បានលើកឡើងថាកាដូនេះពិតជាស័ក្តិសមសម្រាប់ មួយលាង ហើយក្រោយពីយកជ័យជម្នះជូនជាតិក្នុងការប្រកួត Miss Teen International 2024 នៅឥណ្ឌាកាលពីខែកក្កដា កន្លងមកនេះ។
នៅរាត្រីថ្ងៃទី២៤ ខែកញ្ញាតាមរយៈការផ្សាយផ្ទាល់នៅលើផេក Miss Preteen International Cambodia ដែលបង្ហាញពីការប្រកួតវគ្គបង្ហាញខ្លួនដំបូងពីការប្រកួតបវរកញ្ញាវ័យក្មេងចំនួន៣កម្មវិធីផ្សេងគ្នា បវរកញ្ញាវ័យក្មេង លី មួយលាង Miss Teen International Cambodia 2023 ទទួលបានការស៊ុបប្រាយយ៉ាងអស្ចារ្យពី CEO ធំរបស់ Miss Teen International ផ្ទាល់ជាមួយឡាន១គ្រឿង និងទឹកប្រាក់បន្ថែមទៀតចំនួន៥ម៉ឺនដុល្លារ។ 
លី មួយលាង មានការរំភើបចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកជាមួយនឹងរង្វាន់នេះ នៅទីបំផុតការខិតខំប្រឹងប្រែងរបស់នាងទទួលបានផលក្រោយពីការប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិ។ លោក អ៊ិន វិចិត្រ បានបញ្ជាក់ជូនទស្សនិកជនថារង្វាន់ដែល លី មួយលាង ទទួលបានឡានមួយគ្រឿងនិងទឹកប្រាក់៥ម៉ឺនដុល្លារ មិនមែនជាការពីលោកនោះទេគឺផ្តល់ជូនពីខាងស្ថាប័ន Miss Teen International នៅឥណ្ឌា។
គូសបញ្ជាក់ថា លី មួយលាង បានចេញទៅប្រកួតនៅឥណ្ឌាកាលពីចុងខែមិថុនា ឆ្នាំ២០២៤ ក្នុងការប្រកួត Miss Teen International 2024 នៅប្រទេសឥណ្ឌាដែលមានការចូលរួម២៨ ប្រទេសមកពីជុំវិញពិភពលោក និងបានទទួលជ័យជម្នះកាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីគ្រងមកុដអន្តរជាតិនៅឥណ្ឌារួចមក លី មួយលាង បានថតខ្សែភាពយន្តខ្នាតធំជាមួយបវរកញ្ញាវ័យក្មេងផ្សេងទៀតជាមួយនឹង ល្អហួស និង បវរកញ្ញាវ័យក្មេងនៅឥណ្ឌូនេស៊ី៕










