តារាចម្រៀង វណ្ណថាន បានផ្តល់ដំណឹងដល់អ្នកគាំទ្រថាលោកនឹងចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិក ហើយនេះជាការសម្តែងលើកទី២របស់លោកបន្ទាប់ពីចេញទៅសម្តែងជាមួយ វណ្ណដា កាលពីមុន។ ត្រៀមចេញទៅសម្តែងលើទឹកដីមហាអំណាចនេះ វណ្ណថាន បានខកខានចេញទៅសម្តែងនៅលើទឹកដីឥណ្ឌូនេស៊ី។
នាយប់ថ្ងៃទី២១ ខែកញ្ញា វណ្ណថាន បានជម្រាបជូនអ្នកគាំទ្រថា «ជម្រាបសួរបាទ! ថ្ងៃនេះខ្ញុំមានដំណឹងពិសេសជូនអ្នកទាំងអស់គ្នាគឺ ខ្ញុំនឹងចូលរួមក្នុង ទិវាកម្ពុជា Cambodia Day ដែលនេះជាលើកទី ២ របស់ខ្ញុំដែលត្រូវបានអញ្ជើញទៅសម្តែងជូនបងប្អូនខ្មែរនៅសហរដ្ឋអាម៉េរិក។ ខ្ញុំពិតជារំភើប និងមានកិត្តិយសខ្លាំងណាស់ដែលបានត្រលប់ទៅជួបបងប្អូនអ្នកគាំទ្រក្រៅស្រុកសាជាថ្មីម្តងទៀត ហើយនាំយកតន្ត្រីនិងវប្បធម៌ខ្មែរយើងទៅបង្ហាញពុកម៉ែបងប្អូនដោយផ្ទាល់ក្នុងកម្មវិធី Cambodia Day ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នៅ Union Square ទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាម៉េរិក។ អរគុណដែលតែងតែស្រលាញ់គាំទ្ររូបខ្ញុំរហូតមក ជួបគ្នាឆាប់ៗនេះ»។
មិនត្រឹមតែ វណ្ណថាន ប៉ុណ្ណោះទេដែលជាសិល្បករខ្មែរចេញទៅសម្តែងនៅលើទឹកដីអាម៉េរិកលើកនេះក្នុងនោះក៏មានសិល្បករផ្សេងទៀតដូចជាឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង មាស សុខ សោភា និងសិល្បករផ្សេងទៀតក៏នឹងមានវត្តមានក្នុងកម្មវិធីខាងលើនេះផងដែរ។ កាលពីសម្តែងនៅអាម៉េរិកលើកមុន វណ្ណថាន គឺបានទៅសម្តែងជាមួយនឹង វណ្ណដា ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនរស់នៅទីនោះ ហើយ វណ្ណថាន បានបង្ហើបប្រាប់ទស្សនិកជនដែរថា លោកមានអ្នកគាំទ្រពិតប្រាកដនៅទីនោះច្រើនជាងនៅប្រទេសខ្មែរទៅទៀត។

មុននឹងបញ្ជាក់ដំណឹងល្អនឹងចេញទៅសម្តែងនៅលើទឹកដីអាម៉េរិក វណ្ណថាន បានបង្ហាញដំណឹងសោកស្តាយមិនបានចូលរួមក្នុងកម្មវិធីមហោស្រពតន្ត្រីអាស៊ាន ២០២៤ (AXEAN Festival 2024) នៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕